ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នឹងផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសដល់សិស្សមានជីវភាពក្រីក្រចំនួន១,៥លាននាក់ ។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ ៖ កម្ពុជា គ្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអេមីរ៉ាត់អារ៉ាប់រួម ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា កម្ពុជាអាចនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអេមីរ៉ាត់អារ៉ាប់រួម នាពេលខាងមុខ និងបានជំរុញឱ្យមានការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញទូរទៅ ជូនប្រជាពលរដ្ឋឱ្យកាន់តែច្រើន។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ក្នុងពេលដែលសម្ដេចតេជោជួបពិភាក្សាការងារជាមួយអ្នកធុរកិច្ចបរទេសសម្ដេចតែងតែលើកពីសក្ដានុពលរបស់កម្ពុជា ដោយថា ថ្វីត្បិតតែកម្ពុជាជាប្រទេសតូចតែជាប្រទេសដែលមានទីផ្សារធំ។ ទន្ទឹមនឹងមានទីផ្សារធំ នោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជា មានជាមួយបរទេសមួយចំនួន រួមមាន កូរ៉េ ចិន និងពេលខាងមុខ គឺប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ ស្របពេលដែលកម្ពុជាកំពុងមានទីផ្សារនេះ ការបណ្ដុះបណ្ដាលបច្ចេកទេសកាន់តែត្រូវការច្រើន ដូច្នេះនៅឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល នឹងផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសដល់សិស្សមានជីវភាពក្រីក្រចំនួន១,៥លាននាក់។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពីអតីតកាលមក កម្ពុជាមានការបែកដាក់ច្រើនណាស់ ធ្វើឱ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងជ្រោះ នៃគ្រោះមហន្តរាយ និងបង្កការលំបាកដល់ប្រជាពលរដ្ឋគ្រប់បែបយ៉ាង។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កូនក្មេងម្នាក់កំពុងរស់នៅប្រទេស កំពុងចូលស៊ង នៃអន្ទាក់របស់សម្តេច ហើយក្មេងរូបនោះ រង់ចាំមើលលទ្ធផលរបស់ខ្លួននាពេលអនាគត។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «កូនក្មេងនោះ ដំឡើងឬក និងមហិច្ឆតាស្មើនឹងមេរបស់ខ្លួន តាមរយៈការទាមទារចង់ធ្វើជានាយករដ្ឋមន្ត្រី សម្រាប់ក្រុមរបស់គេ..[].»។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំនាន់នេះអ្នកបង្ក្រាបសម្ដេច គឺមិនទាន់កើតចេញពីពោះម្ដាយនៅឡើយទេ ហើយបើអ្នកមិនទាន់ចេះនយោបាយទេ សូមកុំចង់ធ្វើនយោបាយ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ខ្មែរក្រហមទោះខ្លាំងយ៉ាងណាក៏ដោយ ក៏មិនអាចគ្រប់កម្លាំងរបស់ខ្លួនបានទាំងអស់ដែរ។ អ៊ុនតាក់ចូលមកកម្ពុជា និងចាយលុយអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ បានដកចេញពីកម្ពុជាវិញ ដោយបន្សល់ទុកឱ្យកម្ពុជាមានតំបន់ត្រួតត្រាច្រើន និងមានការផ្ទុះអាវុធគ្រប់ទីកន្លែង។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនយូរទេ កម្ពុជានឹងចាកចេញពីប្រទេសដែលមានកម្រិតការអភិវឌ្ឍតិចតួច ដែលចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បែរជាមានការព្រួយបារម្ភទៅវិញទេ ដោយសារអត្រាការប្រាក់ដែលកម្ពុជាខ្ចី នឹងលែងជាហិរញ្ញប្បទានសម្បទានទៀតហើយ គឺការប្រាក់ខ្ពស់ជាងមុន។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាកសម្រចបញ្ចេញថវិកាសាងសង់ស្ពាន ដែលមានតម្លៃប្រមាណ ២៣០លានដុល្លារអាមេរិក(ពីរទៅពីរមក) ដោយឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងចូលទៅកាន់ខេត្តស្វាយរៀង ក្នុងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដើម្បីសម្រួលដល់ការចំណាយអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន។
សូមបញ្ជាក់ថា, កម្ពុជាមាន សុខសន្តិភាព ការអភិវឌ្ឍន៍ប្រទេស មានសន្ទុះជឿនលឿន រហូតដល់បរទេស ប្រជាពលរដ្ឋ នៅក្រៅប្រទេស មកឃើញមាតុប្រទេសរបស់ខ្លួន មានការប្លែក អភិវឌ្ឍន៍លឿនដោយនឹកស្មានមិនដល់។ដូច្នេះ ប្រជាពលរដ្ឋក៏មានកម្រិត នៃជីវភាព រស់នៅ បានល្អប្រសើរទៅៗ ជាលំដាប់ ក្រោមការដឹកនាំ ប្រកបដោយ គតិបណ្ឌិត ដ៏ឈ្លាសវៃ របស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ៕
ដោយ ៖ សិលា