តំណាងរបស់ភាគីអុីស្រាអែល និងប៉ាឡេស្ទីនបានព្រមព្រៀងគ្នា បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខឈានដល់សន្តិភាព បញ្ចប់អំពើហិង្សា និងការប្រឈមមុខតានតឹងដាក់គ្នា ។
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា ក្រុមមន្ត្រីអ៉ីស្រាអែលនិងប៉ាឡេស្ទីនបានសន្យាថានឹងអនុវត្តតាមវិធានការដែលបានព្រមព្រៀងគ្នា ដើម្បីបន្ធូរបន្ថយនិងទប់ស្កាត់អំពើហិង្សា បន្ទាប់ពីកិច្ចពិភាក្សាមួយ ធ្វើឡើងនៅក្នុងប្រទេសហ្ស៊កដានី។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ក្រោយការបញ្ចប់កិច្ចពិភាក្សានៅក្នុងទីក្រុងAqaba នៃប្រទេសហ្ស៊កដានី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ក្រុមមន្រ្តីអ៉ីស្រាអែលនិងប៉ាឡេស្ទីនបាននិយាយថា ភាគីទាំង២នឹងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធដើម្បីបង្ការទប់ស្កាត់កុំឱ្យអំពើហិង្សាថ្មីៗផ្ទុះឡើង ហើយបានអះអាងផងដែរពីភាពចាំបាច់នៃការប្ដេជ្ញាចិត្តបន្ធូរបន្ថយភាពតានតឹងសព្វថ្ងៃ។
បន្ថែមពីលើនេះ បើតាមសេចក្ដីថ្លែងការណ៍រួមខាងលើដដែល អ៉ីស្រាអែលបានបញ្ជាក់ថា ខ្លួននឹងបញ្ឈប់កិច្ចពិភាក្សាស្ដីពីការតាំងទីលំនៅអាណានិគមថ្មីៗសម្រាប់រយៈពេល ៤ខែ និងបញ្ឈប់ការអនុម័តលើលំនៅឋានអាណានិគមថ្មីៗសម្រាប់រយៈពេល៦ខែ។
សេចក្ដីថ្លែងការណ៍រួមរវាងអ៉ីស្រាអែលនឹងប៉ាឡេស្ទីនធ្វើឡើងនៅចុងបញ្ចប់នៃកិច្ចពិភាក្សាមួយដែលមានការចូលរួមផងដែរពីក្រុមមន្រ្តីមកពីសហរដ្ឋអាមេរិក អេហ្ស៉ីប និងហ្ស៊កដានី នៅចំពោះមុខការព្រួយបារម្ភកាន់តែខ្លាំងពីលទ្ធភាពនៃការកើនឡើងអំពើហិង្សា ខណៈខែរ៉ាម៉ាឌនរបស់អ្នកកាន់សាសនាអ៊ិស្លាមកាន់តែខិតជិតមកដល់៕
ដោយធីរីណា(រូបថត ៖ AFP)