ការបុកគ្នារវាងរថភ្លើងពីរគ្រឿងនៅជិតទីក្រុង Larissa ប្រទេសក្រិកកាលពីយប់ថ្ងៃទី ២៨ ខែកុម្ភៈ បានបណ្តាលឲ្យមនុស្ស១៦នាក់ស្លាប់ និង៨៥នាក់រងរបួស។
មន្ត្រីប៉ូលិសនិងនាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថា រថភ្លើងដឹកអ្នកដំណើរមួយគ្រឿងបានបុកជាមួយនឹងរថភ្លើងដឹកទំនិញដែលកំពុងដំណើរការនៅភាគខាងជើងប្រទេសក្រិក ដោយបានបង្កឱ្យមានអគ្គិភ័យនិងមនុស្សរាប់សិបនាក់រងរបួស។
មន្ត្រីមន្ទីរពេទ្យនៅទីក្រុង Larissa បាននិយាយថា យ៉ាងហោចណាស់មនុស្ស25នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ។ លោក Vassilis Varthakoyiannis អ្នកនាំពាក្យរបស់នាយកដ្ឋានពន្លត់អគ្គីភ័យបាននិយាយថា “ការជម្លៀសនៅតែកំពុងបន្ត ហើយកំពុងត្រូវបានអនុវត្តក្រោមលក្ខខណ្ឌដ៏លំបាកបំផុត ដោយសារតែភាពធ្ងន់ធ្ងរនៃការប៉ះទង្គិចគ្នារវាងរថភ្លើងទាំងពីរ” ។
ទូរថភ្លើងជាច្រើនបានក្រឡាប់ ហើយយ៉ាងហោចណាស់បីទូបានឆាបឆេះបន្ទាប់ពីការប៉ះទង្គិចគ្នានៅជិត Tempe ចម្ងាយប្រហែល 380 គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Athens ។ អង្គភាពពន្លត់អគ្គិភ័យបាននិយាយថា ភ្លើងត្រូវបានពន្លត់ហើយ។ លើសពីនេះ ទីភ្នាក់ងារនេះបាននិយាយថា “អ្នកដំណើរជាច្រើននាក់” ត្រូវបានជួយសង្គ្រោះដោយសន្លប់បន្ទាប់ពីឧបទ្ទវហេតុនេះ។
លោក Costas Agorastos អភិបាលនៃតំបន់ Thessaly បាននិយាយថា “វាជាការប៉ះទង្គិចគ្នាយ៉ាងខ្លាំង នេះគឺជាយប់ដ៏អាក្រក់មួយ។ វាពិបាកក្នុងការពិពណ៌នាអំពីកន្លែងកើតហេតុ។ អ្នកជួយសង្គ្រោះត្រូវធ្វើការក្នុងផ្សែងក្រាស់ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។
លោកបាននិយាយថា រថភ្លើងទាំងពីរបានបុកគ្នាចំក្បាល ដែលបណ្តាលឱ្យទូរថភ្លើងចំនួនបួនដំបូងបានក្រឡាប់ ក្នុងនោះមាន២ទូ”ស្ទើរតែខូចទាំងស្រុង”។
ប្រតិបត្តិករផ្លូវដែក Hellenic Train បាននិយាយថា រថភ្លើងដឹកអ្នកដំណើរដែលធ្វើដំណើរពីទីក្រុង Athens ទៅ Thessaloniki មានអ្នកដំណើរប្រហែល 350 នាក់នៅលើរថភ្លើង នៅពេលដែលការប៉ះទង្គិចបានកើតឡើង។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ៕
ដោយ៖ ធីរីណា(រូបថត៖ AP)