សារព័ត៌មានរ៉យទ័របានផ្សាយថា យ៉ាងហោចណាស់មនុស្ស ២៩នាក់បានស្លាប់ និងជាង ៩០ នាក់បានរងរបួស បន្ទាប់ពីរថភ្លើងពីរគ្រឿងបានបុកគ្នាពេញទំហឹងនៅប្រទេសក្រិកកាលពីយប់ថ្ងៃទី ២៨ខែកុម្ភៈ (ម៉ោងក្នុងតំបន់) ។ យោងតាមមន្ត្រីក្រិក គ្រោះថ្នាក់ផ្លូវរថភ្លើងនេះគឺធ្ងន់ធ្ងរបំផុត ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាង១០០នាក់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គ្រោះថ្នាក់នេះបានកើតឡើងនៅយប់ថ្ងៃទី 28 ខែកុម្ភៈ នៅពេលដែលរថភ្លើងដឹកអ្នកដំណើរពីទីក្រុង Athens ទៅ Thessaloniki បានបុកគ្នាជាមួយរថភ្លើងដឹកទំនិញនៅជាយក្រុង Larissa កណ្តាលប្រទេសក្រិក។
លោក Angelos Tsiamouras អ្នកដំណើរនៅលើរថភ្លើងបានពណ៌នាពីពេលនៃឧបទ្ទវហេតុដូចរញ្ជួយដី។ បន្ទាប់ពីនោះ រថភ្លើងបានបាត់បង់ថាមពល ហើយអ្នកដំណើរដែលនៅរស់រានមានជីវិតត្រូវបានបង្ខំឱ្យបំបែកកញ្ចក់បង្អួចដើម្បីចេញក្រៅ។
អភិបាលក្រុង Thessaly លោក Konstantinos Agorastos បានហៅឧបទ្ទវហេតុនេះថា “ធ្ងន់ធ្ងរបំផុត” ហើយបានសង្កត់ធ្ងន់ថា ចំនួនចុងក្រោយនៃអ្នកស្លាប់ និងរបួសនៅមិនទាន់ដឹងនៅឡើយ ខណៈដែលទូរថភ្លើងទាំងបួនដំបូងនៃរថភ្លើងដឹកអ្នកដំណើរទាំងអស់បានក្រឡាប់។
មន្ត្រីមន្ទីរពេទ្យនៅទីក្រុង Larissa បាននិយាយថា យ៉ាងហោចណាស់មនុស្ស 25 នាក់បានរងរបួសយ៉ាងធ្ងន់ក្នុងចំណោមជាង៩០នាក់ អាចនឹងមានអ្នកស្លាប់កើនឡើងជាបន្តទៀត។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សាច់ញាតិរបស់អ្នកដំណើរបានប្រមូលផ្តុំគ្នានៅទីក្រុង Thessaloniki ក្នុងក្តីសង្ឃឹមថានឹងឃើញមនុស្សជាទីស្រលាញ់របស់ពួកគេចុះពីឡានក្រុង។ នៅពេលកើតហេតុ មានអ្នកដំណើរប្រហែល៣៥០នាក់ នៅលើរថភ្លើង៕
ដោយ៖ ធីរីណា(រូបថត ៖ AFP)