ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធទី០១ ខែមីនា ឆ្នាំ២០២៣នេះ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុជ្រាបថា៖ ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីការងើបឡើងវិញ នៃមេរោគជំងឺផ្តាសាយបក្សី ប្រភេទ H5N1 បន្ទាប់ពីមានកុមារីម្នាក់បានឆ្លង និងបានទទួលមរណភាព នៅខេត្តព្រៃវែង ព្រមទាំងមានអ្នកជាប់ពាក់ព័ន្ធ មួយចំនួនផងដែរ។ មេរោគជំងឺផ្តាសាយបក្សីនេះ ត្រូវបានគេរកឃើញថាមានការវិវត្ត និងអាចឆ្លងពីបក្សីឈឺ ទៅសត្វព បសុសត្វ រួមទាំងមនុស្សផងដែរ។ ជំងឺផ្តាសាយបក្សីដែលកើតលើមនុស្ស ជាប្រភេទជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការ ព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពជាបន្ទាន់។ ដូច្នេះការរកឃើញករណីឆ្លងទាន់ពេលវេលា និងការទប់ស្កាត់ ការចម្លងបន្តឱ្យបានលឿន គឺមានសារៈសំខាន់បំផុត ក្នុងការបង្ការការឆ្លងរាលដាលចូលក្នុងសហគមន៍។
អាស្រ័យហេតុនេះ រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត ត្រូវបង្កើន ការប្រុងប្រយ័ត្ន និងការពារសុខភាពពីការចម្លងមេរោគផ្ដាសាយបក្សីប្រភេទH5N1នេះ ដោយអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាលដូចខាងក្រោម៖
-ត្រូវជៀសវាងការចូលទៅកន្លែងចិញ្ចឹមសត្វ ទីផ្សារបក្សីរស់ ឬកន្លែងសត្តឃាត ឬការប៉ះពាល់ដោយផ្ទាល់ ជាមួយសត្វ ឬផ្ទៃណាមួយដែលកខ្វក់ ឬប្រលាក់ដោយ លោហិត លាមកសត្វបសុបក្សី ឬសត្វដទៃទៀត
-ត្រូវពាក់ម៉ាស់នៅពេលក្អក កណ្តាស់ និងប្រើកន្សែងស្អាត ឬក្រដាស់អនាម័យជូតសំបោរ ហើយមិនត្រូវ បោះចោលពាស់វាលពាសកាល ដែលអាចចម្លងទៅអ្នកដទៃ
-ត្រូវលាងដៃឱ្យបានញឹកញាប់ដោយប្រើសាប៊ូ និងទឹកស្អាត ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ
-ត្រូវបរិភោគតែចំណីអាហារដែលមានសុវត្តិភាពខ្ពស់ និងចម្អិនបានឆ្អិនសព្វត្រឹមត្រូវ ជាពិសេសសាច់បក្សី ស៊ុត និងអាហារសមុទ្រ។
-ត្រូវកប់ ឬដុតសត្វបក្សីដែលបានងាប់ ឱ្យឆ្ងាយពីលំនៅដ្ឋាន និងទុកដាក់បក្សីដែលសង្ស័យថាបានឆ្លងមេរោគ និងមិនទាន់ឆ្លងឱ្យនៅឆ្ងាយពីគ្នា
-ត្រូវយកចិត្តទុកដាក់ចំពោះមនុស្សចាស់ កុមារតូចៗ និងទារក ឱ្យមានកម្ដៅខ្លួនធម្មតាជានិច្ច(មិនលើសពី៣៨.៥ អង្សារសេ)។
ក្នុងករណីមានការសង្ស័យថាបានឆ្លងជំងឺផ្ដាសាយបក្សី សូមប្រញាប់ស្វែងរកការពិគ្រោះ និងព្យាបាលនៅ មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតលោកអ្នកបំផុត ដោយចៀសវាងការប៉ះផ្ទាល់ជាមួយអ្នកជំងឺ និងសូម រាយការណ៍ទៅកាន់ទូរស័ព្ទលេខ ១១៥ ឬមកក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ តាមរយៈ ទូរស័ព្ទលេខ ០១០ ៨៣៧ ០៩៩។ ទទួលបានសេចក្ដីណែនាំនេះ រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបាន ទូលំទូលាយ និងធ្វើសេចក្តីរាយការណ៍ ក្នុងករណីមានភាពមិនប្រក្រតីកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានទាន់ពេលវេលា៕
ខាងក្រោមនេះមានលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ៖
ដោយ៖សហការី