ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន​ និងមានស្លៀកសុីវិលបានផ្ទុះអាវុធ០៣គ្រាប់ បណ្តាលឱ្យពលរដ្ឋម្នាក់រងរបួសធ្ងន់​ បង្កការភ្ញាក់ផ្អេីលជាខ្លាំង

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់បានរងរបួសដោយគ្រាប់កាំភ្លេីងចំនួន៣គ្រាប់យ៉ាងធ្ងន់ធ្ងរ​ បន្ទាប់ពីត្រូវជនស្លៀកសុីវិល​ និងមន្ត្រីសមត្ថកិច្ច​ នៃមន្ទីរប្រឆាំងគ្រឿងញៀន​ បានបាញ់ប្រហារមកលេីរូបគាត់​ រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិ​ដំណាក់សង្កែ​ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ កាលពីវេលាម៉ោង១៩ និង២០នាទីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣​ ។        ជនរងគ្រោះមានឈ្មោះ មុំ សុខ មៀន អាយុ២៨ ឆ្នាំ មុខរបរដើរទិញលក់របស់អេតចាយចាស់ៗ ។ 

  ក្នុងហេតុការណ៍ផ្ទុះអាវុធខាងលេី​ លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការងទទួលផែនយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឱ្យដឹងថា ៖ ករណីនេះ គឺជាការផ្ទុះអាវុធពីសំណាក់មន្ត្រីសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿង របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយបណ្តាលឱ្យពលរដ្ឋម្នាក់រងរបួសធ្ងន់ធ្ងរ ប៉ុន្តែលោកអធិការរង មិនទាន់អាចបញ្ជាក់បានទេ ថាមុនឈានដល់មានការមានផ្ទុះអាវុធនេះផ្តើមចេញពីប្រតិបត្តិការចុះបង្ក្រាបអ្វីមួយ ឬកើតឡើងដោយហេតុផលណាមួយឱ្យប្រាកដនោះទេ ខណៈលោកបញ្ជាក់ថា កំណត់អត្តសញ្ញាណរថយន្ត និងសមត្ថកិច្ចដែលបានផ្ទុះអាវុធ បានអស់ហើយ ។

    សូមបញ្ចាក់ថា តាមការអះអាងរបស់ពលរដ្ឋជិតខាងបានឱ្យដឹងថា នៅមុនកើតហេតុ គេសង្គេតឃើញ មានមន្ត្រីសមត្ថកិច្ចមួយក្រុមធំ មានឯកសណ្ឋាន និងស៊ីវិល ប្រដាប់ដោយអាវុធខ្លី បានចុះទៅប៉ងចាប់បុរសជាជនរងគ្រោះ តែទំនងជាជាមានការប្រទូស្តសារាយគ្នា ទើបភាគីសមត្ថកិច្ចបានផ្ទុះអាវុធបណ្តាលឱ្យជនរងគ្រោះរងរបួសតែម្តង ។ ភ្លាមៗនោះ ជនរងគ្រោះ បានរត់សំដៅចូលទៅក្នុងផ្ទះ ហើយក្រុមសមត្ថកិច្ចក៏រត់ប៉ងទៅចាប់ឃាត់ត្រឡប់មកវិញ តែត្រូវពលរដ្ឋក្បែរ ជួយអន្តរាគមន៍មិនឱ្យមានការឃាត់ ទើបកម្លាំងចម្រុះទាំងនោះ សម្រេចចាកចេញពីកន្លែងកើតហេតុតែម្តងទៅ ។

   បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញ កំពុងពិនិត្យវិច័យនៅកន្លែងកើតហេតុ នឹងសាកសួរកំណត់ព័ត៌មានបន្ថែមជុំវិញរឿងហេតុខាងលេីឱ្យកាន់តែច្បាស់​ ដេីម្បីបន្តនីតិវិធី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖