ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញហើយក្រុមដែលត្រូវប៉ះគ្នាក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup

ចែករំលែក៖

ការប្រកួតជម្រុះ FA Cup ជុំទី៥បានបញ្ចប់ហើយក្នុងនោះបានរកឃើញ៨ក្រុមឡើងទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រនៅរដូវកាលនេះ។ ក្រុមមេឃខៀវ Manchester City នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Burnley របស់អតីតកីឡាករ Vincent Kompany ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup ។

វីរបុរសរបស់ Man City កីឡាករ Kompany ដែលបានលេងឱ្យក្លិបពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩ បានដឹកនាំក្រុម Burnley ទៅកាន់កំពូលតារាងនៃក្របខ័ណ្ឌ Championship ក្នុងរដូវកាលដំបូងរបស់គាត់ដែលដឹកនាំ។

ក្រុម Grimsby មកពី League Two ដែលជាក្រុមដែលមានចំណាត់ថ្នាក់ទាបបំផុតដែលនៅសេសសល់ក្នុង FA Cup ត្រូវប៉ះក្រុម Brighton & Hove Albion ហើយ Manchester United ធ្វើជាម្ចាស់ផ្ទះទទួល Fulham ។

ក្រុម Sheffield United ប្រកួតជាមួយក្រុម Blackburn ដែលជាគូប្រជែង Championship ក្នុងការប្រកួតចុងក្រោយជាមួយគ្នា។ ក្រុម Sheffield United បានយលឈ្នះ Tottenham Hotspur ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃពុធ ខណៈដែលក្រុមBlackburn បានធ្វើឱ្យក្រុម Leicester City ខកចិត្តក្នុងការប្រកួតជុំទី៥របស់ពួកគេ។

ក្រុម Grimsby បាន​បង្កើត​លទ្ធផល​នៃ​ការ​ប្រកួត​ជុំ​ទី៥ ​ដោយ​ការ​យក​ឈ្នះ ២-១ នៅ​លើ​ក្រុម Southampton នៃ​ក្រប​ខ័ណ្ឌ Premier League ដើម្បី​ឈាន​ទៅ​កាន់​វគ្គ១​/៤ផ្តាច់​ព្រ័ត្រ​នៃ FA Cup ជា​លើក​ដំបូង​គិត​ចាប់​តាំង​ពី​ឆ្នាំ១៩៣៩។

ការប្រកួតជម្រុះជុំទី៥ដែលបានបញ្ចប់កាលពីរាត្រីថ្ងៃពុធគឺក្រុម Man City បានយកឈ្នះ Bristol City ៣-០, Fulham ឈ្នះ Leeds ២-០, Blackburn ឈ្នះ Leicester City ២-១, Brighton ឈ្នះ Stoke ១-០ ដែលក្រុមទាំងនេះបានប្រកួតកាលពីថ្ងៃទី២៨ កុម្ភៈ។ ចំណែកក្រុម Grimsby យកឈ្នះ Southampton ២-១, ក្រុម Burnley ឈ្នះ Fleetwood ១-០, Man Utd ឈ្នះ West Ham ៣-១ និង Sheffield United ឈ្នះ Tottenham ១-០ ដែលក្រុមទាំងនេះបានប្រកួតកាលពីរាត្រីថ្ងៃទី១ឈានចូលថ្ងៃទី២ មីនា។

សម្រាប់ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយនៃពានរង្វាន់ FA Cup ​នឹង​ត្រូវ​លេង​ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃទី​១៩ ​ខែ​មីនា។ ការចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយ FA Cup៖ Manchester City ប៉ះ Burnley, Manchester United ប៉ះ Fulham, Brighton & Hove Albion ប៉ះ Grimsby Town និង Sheffield United ប៉ះ Blackburn Rovers ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖