ខេត្តបន្ទាយមានជ័យ ៖ នៅ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ លោក សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញក្នុងពិធីចុះសំណេះសំណាល និងសួរសុខទុក្ខ នាយទាហាន ពលទាហាន អង្គភាពកងពលតូចថ្មើរជើងលេខ៥១ ជាដៃគូសម្ព័ន្ធមេត្រីភាពជាមួយក្រសួងសុខាភិបាល និងក្រុមហ៊ុន សុខាអូតែល។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនកងទ័ព និងបាននាំយកនូវគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួន ជូនកងទ័ព និងគ្រួសារកងទ័ពផងដែរ។
សូមបញ្ជាក់ថា, កាលពីម្សិលមុិញ លោករដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងប្រតិភូ បានអញ្ជើញ សម្ពោធមន្ទីរពេទ្យបង្អែកខេត្ត ឧត្តរមានជ័យ និងចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ អ្នកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ។
សូមរម្លឹកថា : កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៧៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤២,៤៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨១,៩៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៤៧% ៕
ដោយ ៖ សិលា