ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍​ឯក​ លឹម​ ផាន់ភារៈ អញ្ជើញចុះត្រួតពិនិត្យទីតាំងដែលគ្រោងសាងសង់ប៉ុស្តិ៍សម្រាប់នគរបាលកាពារបេតិកភណ្ឌតំបន់អង្គរ​

ចែករំលែក៖

ខេត្តសៀមរាប៖ បើយោងតាមប្រភពពី  អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា,នៅថ្ងៃព្រហស្បតិ៍​ ទី០២​ ខែមីនា​ ឆ្នាំ២០២៣​ ឧត្តមសេនីយ៍​ឯក​ លឹម​ ផាន់ភារៈ ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងដែលគ្រោងសាងសង់ប៉ុស្តិ៍សម្រាប់នគរបាលកាពារបេតិកភណ្ឌតំបន់អង្គរ​ ដោយមានការអញ្ជើញចូលរួមអមដំណេីរដោយ​ លោក អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់​សាធារណៈ​ លោកអនុប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ​ ប្រធានអង្គភាពនគរបាលការពារបេតិកភណ្ឌ​ប្រចាំតំបន់អង្គរ​ ប្រធានអង្គភាពនគរបាលទេសចរណ៍​ប្រចាំខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីតំណាងអាជ្ញាធរជាតិអប្សរា​ ផងដែរ។

គម្រោងសាងសង់ប៉ុស្តិ៍សម្រាប់នគរបាលកាពារបេតិកភណ្ឌតំបន់អង្គរ​នេះ គឺដេីម្បីសម្រួលដល់ការ​បម្រេីការងាររបស់កងកម្លាំងនគរបាល​ការពារបេតិកភណ្ឌ​ ឱ្យមានអគារ​ស្នាក់នៅ ​និងទីកន្លែងបម្រេីការងារ​សមរម្យ​ សម្រាប់បំពេញភារកិច្ចប្រចាំថ្ងៃ​ ការពារសារពេីបតិកភណ្ឌ​ សម្បត្តិវប្បធម៌​ប្រវត្តិសាស្ត្រជាតិ​ ក៍ដូចជាការពារសុវត្ថិភាព សន្តិសុខ​សណ្តាប់ធ្នាប់​ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ​ ដែលមកបំពេញទស្សនកិច្ច​ ឬធ្វេីទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌប្រវត្តិសាស្រ្តនេះផងដែរ។ តាមគម្រោងផែនការ​ ប៉ុស្តិ៍សម្រាប់នគរបាលការពារបេតិកភណ្ឌដែលគ្រោងសាងសង់មានចំនួន​ ១៥ប៉ុស្តិ៍​ រួមមានប៉ុស្តិ៍ធំចំនួន០៥​ ទំហំ​ ១២x១២មែត្រ​ រោងយាម​ ចំនួន១០​ ទំហំ​ ៦x១២មែត្រ​។ ប៉ុស្តិ៍ទីមួយ​ ដែលត្រៀមសាងសង់ជាគំរូ​មុនគេ​ មានទីតាំងនៅមុខក្លោងទ្វារទន្លេអ៊ុំ។​ 

សូមបញ្ជាក់ថា​ ប៉ុស្តិ៍ដែលគ្រោងសាងសង់ខាងលេីគឺ ជាអំណោយ​ដ៏ថ្លៃថ្លារបស់​ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ លោក នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ នៃអគ្គស្នងការនគរបាលជាតិ​ និងលោក ទៀ​ សីហា​ អភិបាល​ នៃគណអភិបាលខេត្តសៀមរាប​ ព្រមទាំងសប្បុរសជននានាផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖