ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជា ការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរ ភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធ ផលការងារហ្វឹកហ្វឺនឆ្នាំ ២០២២ និងផ្សព្វផ្សាយផែនការហ្វឹកហ្វឺន កងយោធពលខេមរភូមិន្ទ ឆ្នាំ ២០២៣ របស់ទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៣ នេះ នៅសាលប្រជុំធំ របស់អគ្គបញ្ជាការដ្ឋាននាទីក្រុងភ្នំពេញ ។
ឧត្តមសេនីយ៍ឯក ចាន់ សុភ័ក្រ្តា នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការ បានគូសបញ្ជាក់ក្នុងសន្ទរកថាស្វាគមន៍ និងរបាយ ការណ៍បូកសរុបលទ្ធផលការងារហ្វឹកហ្វឺនកងយោធ ពលខេមរភូមិន្ទឆ្នាំ ២០២២ ថា ក្នុងរយៈពេលមួយឆ្នាំ ២០២២ កន្លងមកនេះ ការងារហ្វឹកហ្វឺនបានដើរតួនាទីយ៉ាងសំខាន់ក្នុងភារកិច្ចបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងទ័ព ដើម្បីពង្រឹងពង្រីកលើកកម្ពស់សមត្ថភាព គុណភាព វិជ្ជាជីវៈ ឆ្លើយតបទៅនឹងភារកិច្ចចំពោះមុខ ស្របតាមយុទ្ធសាស្ត្រការពារជាតិ ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានកោតសរសើរនឹងវាយតម្លៃខ្ពស់ ចំពោះស្មារតី និងការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងបំពេញ ការងារប្រកបដោយកិច្ចសហការល្អរបស់ ថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ គ្រប់កងឯកភាព ចំណុះឲ្យអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានយកអស់ពីកម្លាំងកាយចិត្ត ខិតខំបំពេញការងារបម្រើជាតិ និងប្រជាជន ការពារជាតិ ទឹកដី បានយ៉ាងរឹងមាំ ។ ពិសេសបានយកចិត្តទុកដាក់បន្តបង្កើនសកម្មភាពហ្វឹកហ្វឺនបង្កើនសមត្ថភាព គុណភាព ឱ្យដល់កងទ័ពរបស់ខ្លួន ។
នាយឧត្តមសេនីយ៍បញ្ជាក់ទៀតថា ថ្នាក់ដឹកនាំទាំងអស់ក៏ត្រូវបន្តជំរុញលើកទឹកចិត្តនិងយកចិត្តទុកដាក់បំប៉នជំនាញយោធាចារ្យ ឲ្យកាន់តែមានសមត្ថភាពក្នុងការបំពេញការងារ និងបណ្ដុះបណ្ដាលយោធាចារ្យវ័យក្មេងបំពេញបន្ថែមតាមសេចក្តីត្រូវការជាក់ស្ដែង ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពហ្វឹកហ្វឺន វគ្គហ្វឹកហ្វឺន នៅហ្នឹងសាលាឱ្យមានគុណភាពខ្ពស់ បន្តជំរុញការរៀបចំឯកសារសម្រាប់ការងារហ្វឹកហ្វឺនដល់កងយោធពលខេមរៈភូមិន្ទ ពិសេសត្រូវកែសម្រួលឯកសារ យុទ្ធវិធី ឲ្យស្របតាមយុទ្ធសាស្ត្រការពារជាតិ ហ្នឹងធ្វើការកែសម្រួលរាល់ខ្លឹមសារឯកសារមួយចំនួនឲ្យមានការឯកភាពគ្នា ដូចជាឯកសារការងារសេនាធិការ សញ្ញាសម្គាល់យោធា លំហាត់របៀបជាដើម ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំរុញឲ្យគ្រប់បណ្ដាកង ឯកភាពទាំងអស់ឱ្យបន្តប្រពៃណីស្នាដៃដ៏ល្អនេះបន្តទៀត ពិសេសត្រូវយកចិត្តទុកដាក់បង្កើនសកម្មភាពការ ងារហ្វឹកហ្វឺនលើគ្រប់ជំនាញឱ្យកងទ័ពកាន់តែមានសមត្ថភាព គុណភាព យកចិត្តទុកដាក់ជំរុញការងារអប់រំចិត្តសាស្ត្រ អប់រំសតិអារម្មណ៍ឲ្យដល់យោធិនគ្រប់ រូបកាន់តែមានឆន្ទៈស្នេហាជាតិ ក្នុងការចូលរួមបម្រើឲ្យបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់និងកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី៕
ដោយ៖ សូរិយា