ភ្នំពេញ ៖ ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រ យ៉ាងពេញទំហឹងចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចផ្តន្ទាទោសជនជាប់ចោទណ្ឌ កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ឱ្យជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំ ក្នុងសំណុំរឿងជាប់ចោទពី បទសន្ទិដ្ឋិភាពជាមួយបរទេស ឬ បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាបទល្មើសក្បត់ជាតិដ៏ធ្ងន់ធ្ងរ ស្របតាម បញ្ញត្តិមាត្រា ៤៣៩ និងមាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
អំពើឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ ក្បត់ជាតិសាសន៍ឯង ក្រោមលេសការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការតវាំ អហិង្សា និងការគោរពសិទ្ធិមនុស្ស… ប៉ុន្ដែបានបង្កប់នូវចេតនាផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមរយៈចលនា បដិវត្តន៍ពណ៌ម្ដងហើយម្ដងទៀត ជាពិសេសអំពីហិង្សា ប្រទូសរាយ កុបកម្ម និងភាពអសន្តិសុខសង្គម ក្នុងអំឡុងឆ្នាំ ២០១៣ និងឆ្នាំ២០១៤ កន្លងទៅ គឺជាសក្ខីកម្មផ្លូវច្បាប់ បង្ហាញយ៉ាងច្បាស់ក្រឡែតពីអំពើក្បត់ជាតិដ៏ខ្មៅងងឹត ដែលនឹង អាចនាំឱ្យប្រទេសជាតិ និងប្រជាជនកម្ពុជា ផុងជ្រៅទៅក្នុងភាពចលាចលវឹកវរ វិទ្ធង្សនាសង្គម សកម្មភាពបបោរ-កុបកម្ម ឬ អាចឈានទៅរកសង្គ្រាមស៊ីវិលផ្ទៃក្នុងប្រទេស ដូចបណ្តាប្រទេសមួយចំនួនថែមទៀតផង ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា មិនបានចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា ចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពនោះទេ។
សាលក្រមផ្តន្ទាទោសទណ្ឌិត កឹម សុខា នាពេលនេះ គឺជាការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ ដែលបានរួមចំណែក យ៉ាងសំខាន់ ក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា ហើយ ក៏ជាមេរៀនបៀនបដៅដល់អ្នកនយោបាយផ្សេងទៀតនៅកម្ពុជា មិនត្រូវបណ្តែតបណ្តោយខ្លួនឱ្យក្លាយជាភ្នាក់ងារ បម្រើនយោបាយបរទេស ក្បត់រដ្ឋធម្មនុញ្ញ ក្បត់“ជាតិ សាសនា ព្រះមហាក្សត្រ និងរួមដៃបំផ្លិចបំផ្លាញជាតិសាសន៍ឯង ដើម្បីតែផលប្រយោជន៍ ឬ មហិច្ឆតាអំណាចផ្ទាល់ខ្លួនដូច្នេះឡើយ។
ជាថ្មីម្តងទៀត! យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះសាលក្រមផ្តន្ទាទោសទណ្ឌិត អ៊ឹម សុខា និងចំណាត់ការទាំងឡាយចំពោះទណ្ឌិតនេះ និងបក្សពួក ដើម្បីធានាបាននូវឧត្តមប្រយោជន៍ជាតិ ការពាររដ្ឋធម្មនុញ្ញ លទ្ធិ ប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស ជាពិសេសគោលការណ៍អធិបតេយ្យភាពជាតិដែលមិនអាចរំលោភ បំពានបាន។ យើងខ្ញុំទាំងអស់គ្នា បានត្រៀមខ្លួនរួចជាស្រេច និងសូមធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ធានាការពារសុខ សន្តិភាព ស្ថិរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដោយមិនអនុញ្ញាតឱ្យជន ណាមួយ ឬ ក្រុមណាមួយ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការដឹកនាំជាតិមាតុភូមិបានឡើយ ទោះក្នុងតម្លៃណាក៏ដោយ ៕
ដោយ ៖ សិលា