ខេត្តព្រះវិហារ ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃសុក្រទី០៣ ខែមីនា ឆ្នាំ២០២៣នេះថា៖ លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នាថ្ងៃនេះបានអញ្ជើញចុះត្រួតពិនិត្យអគារធ្វើការ ស្នាក់នៅ លេណដ្ឋានឈរជើងរបស់មន្រ្តីនគរបាលជួរមុខ និងជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលការពារបេតិកភណ្ឌ និងនគរបាលទេសចរណ៍ ប្រចាំប្រាសាទព្រះវិហារ។
ក្នុងដំណើរអញ្ជើញនេះដែរ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយ លោកអនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ លោកអនុប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ និងមន្រ្តីក្រោមឱវាទ ផងដែរ។
លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់បងប្អូនមន្រ្តីនគរបាលជាតិទាំង២អង្គភាព។ ទន្ទឹមនោះ លោកឧត្តមសេនីយ៍ឯក ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់ប្រធានអង្គភាពទាំង២ ត្រូវយកចិត្តទុកដាក់ថែទាំបច្ចេកទេសអាវុធ ដោយត្រូវទុកដាក់នៅកន្លែងដែលមានសុវត្ថិភាពល្អ ដែលអាចរក្សាបានូវគុណភាពនៃការប្រើប្រាស់យូរអង្វែង និងចៀសវាងការបាត់បង់ជាយថាហេតុណាមួយ។ ជាងនេះទៅទៀត ថ្នាក់ដឹកនាំអង្គភាពទាំង២ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយយកចិត្តទុកដាក់ចំពោះសុខភាពបងប្អូននគរបាលយើងដែលឈរជើងជាប្រចាំនៅតំបន់នេះ ត្រូវហូបទឹកស្អាតដាំពុះ និងត្រូវប្រើប្រាស់មុងជ្រលក់ថ្នាំឱ្យបានជាប់ជាប្រចាំ ដើម្បីការពារជំងឺគ្រុនចាញ់ និងជំងឺឆ្លងផ្សេងៗ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ក្នុងនាម លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក៏បានធ្វើការដោះស្រាយនូវសំណើ ក៏ដូចជាសំណូមពររបស់អង្គភាពនីមួយៗផងដែរ ដោយនឹងផ្តល់ជូនកុំព្យូទ័រលើតុ ១គ្រឿង ព្រីនធ័រ ១គ្រឿង សង្កសី និងធុងទឹកចំណុះ៣០០០លីត្រចំនួន១ធុង។
មុននឹងបញ្ចប់ លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយបាននាំនូវថវិកាឧបត្ថម្ភរបស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន សម្រាប់ទ្រទ្រង់ដល់អង្គភាពទាំង២ ចំនួន ៤លានរៀល ដោយក្នុង១អង្គភាពទទួលបានថវិកាចំនួន ២លានរៀល៕
ដោយ៖សហការី