ភ្នំពេញ៖ ស្ត្រីម្នាក់ព្រោះតែចង់មានសម្រស់ស្រស់ស្អាត បានប្រាប់ប្តីថាគាត់សុំទៅកែច្រមុះនៅមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25 ប៉ុន្តែបែរជាលួចកែដើមទ្រូង បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងក្នុងបន្ទប់ជាន់ទី១ ហេីយម្ចាស់ទីតាំងមិននៅទទួលខុសត្រូវទេ បែរជារត់គេចខ្លួនបាត់ស្រមោល ទេីបបង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរខណ្ឌដូនពេញ ចុះត្រួតពិនិត្យទីតាំងកើតហេតុភ្លាមៗ។
ហេតុការណ៍នេះដែរបានកើតឡើងកាលវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល កែសម្ផស្ស អន្តរជាតិ M25 ចំណុចផ្ទះលេខ៧៣B ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ឃុន ចន្នី អាយុ៤១ ទីលំនៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូក ខេត្តកំពត បានសុំស្វាមីគាត់ថាទៅកែច្រមុះ ប៉ុន្តែស្ត្រីបែរជាលួចកែដើមទ្រូងដោយមិនប្រាប់គ្រួសារឡើយ ប៉ុន្តែមិនដឹងជាកែខុសបច្ចេកទេសយ៉ាងម៉េច ទេីបបណ្ដាលឱ្យស្ត្រីរងគ្រោះស្លាប់ភ្លាមៗ។
សូមជម្រាបជូនថាចំពោះករណីនេះដែរ ខាងមជ្ឈមណ្ឌលកែសម្ភស្ស មិនទាន់មានការបញ្ជាក់ណាមួយឡើយ អំពីហេតុការណ៍ដែរកើតមានឡើងនៅក្នុងមជ្ឈមណ្ឌលកែសម្ភស្សរបស់ខ្លួន។
បច្ចុប្បន្នសមត្ថកិច្ចបានផ្អាកអាជីវកម្មគ្លីនិកមួយនេះបណ្តោះអាសន្ន រង់ចាំសមត្ថកិច្ចខាងការិយាល័យបច្ចេកវិទ្យាយាសាស្ត្រ និង លោកគ្រូពេទ្យកោសល្យវិច័យ រាជធានីភ្នំពេញ ត្រួតពិនិត្យជុំវិញកន្លែងកើត ក៏ដូចជាធ្វើកោសល្យវិច័យទៅលើសពរកមូលហេតុអំពីការស្លាប់របស់ស្ត្រីរងគ្រោះ ។ ចំណែកសពសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សហការី