ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ AKP នៅព្រឹកថ្ងៃសៅរ៍ទី០៤ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប កាលពីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំមន្រ្តីជំនាញនិងអង្គភាពពាក់ព័ន្ធទទួលស្វាគមន៍ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines លេខ MU209I ចេញពីទីក្រុងសៀងហៃប្រទេសចិន ហោះត្រង់មកកាន់ខេត្តសៀមរាប។
សូមជម្រាបថា ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines លេខ MU209Iនេះ បានចេញពីទីក្រុងសៀងហៃប្រទេសចិន ហោះត្រង់មកកាន់ខេត្តសៀមរាប តាមយន្តហោះប្រភេទ A320 ផ្ទុកអ្នកដំណើរជនជាតិចិនចំនួន១៣២នាក់ ដោយហោះហើរក្នុង១សប្តាហ៍ចំនួន ៣ជើង គឺនៅថ្ងៃអង្គារ សុក្រ និងថ្ងៃអាទិត្យ។
សូមជម្រាបថា ក្នុងឱកាសអញ្ជើញជាអធិបតី បើកវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន ដែលប្រារព្ធធ្វើឡើងនៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាយប់ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកវិនិយោគ អ្នកធ្វើធុរកិច្ចរបស់ចិន វិលចូលកម្ពុជាវិញដើម្បីមានឱកាសទាញផលចំណេញពីនយោបាយពាណិជ្ជកម្មរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា ការរៀបចំវេទិកានេះនឹងក្លាយជាវេទិកាជំរុញដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកម្ពុជានឹងចិន ក្នុងការអនុវត្តនយោបាយបើកចំហ និងគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយ ដែលនឹងជួយស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិនឱ្យកាន់តែប្រសើរជាងមុន៕
ដោយ៖សហការី