ភ្នំពេញ ៖ ត្រូវយកទុកចិត្តទុកដាក់លើសមត្ថភាព និងចំណេះដឹងផ្ទាល់ខ្លួន ជាជាងពឹងផ្អែកលើកត្តាខាងក្រៅខ្លួន”ចេះគឺជាប់” ។ នេះជាប្រសាសន៍ របស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ។
សូមបញ្ជាក់ថា, នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកង យោធពលខេមរភូមិន្ទ(ខ.ភ.ម)មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការជ្រើសរើសនាយទាហាន បានអញ្ជើញចូលរួមក្នុងពិធីបើកការប្រលងជ្រើសរើសនាយទា ហាននៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នៅមណ្ឌលវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្តែងនូវក្តីរីករាយ និងការអរគុណចំពោះបេក្ខជនទាំងអស់ដែលចាប់អារម្មណ៍លើអាជីពជាយោធិន ដោយនៅក្នុងសម័យប្រលងជ្រើសរើសឆ្នាំ២០២៣ នេះ មានបេក្ខជនចំនួន ៦.៣៩ ៩ នាក់ ក្នុងនេះ មាននារីចំនួន ២.៩៩៨ នាក់ ចូលរួមប្រលងប្រជែងតាមមណ្ឌលចំនួន ៤ ក្នុងរាជធានីភ្នំពេញ ដែលនេះគឺ ជាមោទកភាពដ៏ធំធេងសម្រាប់(ខ.ភ.ម)ក្នុងការទទួលបាននូវការគាំទ្រពីសំណាក់ស្រទាប់យុវវ័យដែលជាកម្លាំងបន្តវេន។
ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ មានប្រសាសន៍ក្រើនរំឭកដល់បេក្ខជនឱ្យខិតខំយកចិត្តទុកដាក់លើគ្រប់វិញ្ញាសារនៃការប្រលង រួមមាន: ចំណេះដឹងទូទៅ ភាសាអង់គ្លេស និងវិញ្ញា សាកាយសម្បទា ទាមទារឱ្យបេក្ខជនបង្ហាញសមត្ថភាពឱ្យអស់លទ្ធភាព ដើម្បីទទួលបានឱកាសចូលរៀននៅតាមបណ្តាសាលានាយទាហាន តាមចំណាត់ថ្នាក់ និងសន្ទស្សន៍នៃចំនួនជ័យ លាភីដែលបានកំណត់។
ជាចុងក្រោយ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តាំផ្ញើឱ្យបេក្ខជនទាំងអស់ទុកចិត្តលើសមត្ថភាព និងចំណេះ ដឹងផ្ទាល់ ខ្លួន ជាជាងពឹងផ្អែកលើកត្តាខាងក្រៅខ្លួន ពីព្រោះនេះជាការប្រលងជ្រើសរើសនាយទាហាន ដែលនឹងក្លាយ ទៅជាថ្នាក់ដឹកនាំ(ខ.ភ.ម) នាអនាគត ។ ជាមួយនេះលោក ឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់អនុគណៈកម្មការរៀប ចំការប្រលងជ្រើសរើសនាយទាហានឆ្នាំ២០២៣ សាលារាជ ធានីភ្នំពេញ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែក ដែលខិតខំប្រឹងប្រែងយ៉ាង សកម្ម និងប្រកបដោយការទទួលខុសត្រូវ ដើម្បីធានាធ្វើយ៉ាង ណាឱ្យការប្រលងជ្រើសរើសនាយទា ហាននៃ(ខ.ភ.ម)ឆ្នាំ២០២៣ អាចដំណើរការដោយសុក្រឹត យុត្តិធម៌ និងជោគជ័យ។
គួរបញ្ជាក់ថា: ក្នុងឆ្នាំ២០២៣ នេះ ក្រសួងការពារជាតិ បានកំណត់សន្ទស្សន៍នៃការជ្រើសរើសនាយទាហានសកម្មជំនាន់ទី២៥ ចំនួន ១០០ នាក់ នាយទាហានទ័ពជើងគោកជំនាន់ទី១៣ ចំនួន ១០០នាក់ នាយទាហានបន្តវេនជំនាន់ទី១៤ ចំនួន ១៥០នាក់ និង នាយទាហានជំនាញបច្ចេកទេសយោធា ចំនួន ៣០នាក់ ផងដែរ ៕
ដោយ ៖ សិលា