ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា,៖ មិនអត់ឱនឱ្យអ្នកណាដែលមានចេតនាបំផ្លាញសន្តិភាពនៅកម្ពុជា។
សូមបញ្ជាក់ថា, ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិត២ពាន់នាក់ នៅនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនអត់ឱនឱ្យអ្នកណាដែលមានចេតនាបំផ្លាញសន្តិភាពនៅកម្ពុជានោះឡើយទោះបីក្នុងតម្លៃណាក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ឆ្នាំនេះជាខួបលើកទី២៥ឆ្នាំនៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ដែលបាននាំមកនូវឯកភាពជាតិ និងឯកភាពទឹកដី ហើយសម្តេចសង្ឃឹមថា មិនមានអនុភាពប្រតិកិរិយាណាមួយមកបំផ្លាញសន្តិភាពនៅកម្ពុជានោះឡើយ។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា មិនមានអ្នកដុតកំឡោចប្រទេសកម្ពុជាជាថ្មីម្តងទៀត តាមរយៈការជួយគាំទ្រដល់ក្រុមបដិវត្តន៍ពណ៌ដើម្បីបំផ្លាញកម្ពុជានោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់ភាពអត់ឃ្លាន ក្លាយជាប្រទេសដែលមានផលិតកម្មកសិកម្មខ្ពស់ ដូចជា៖ ស្រូវ ពោត ដំបូង… ដែលកម្ពុជាកំពុងមានតម្រូវការនាំចេញទៅកាន់ទីផ្សារបរទេស ក្រៅពីផ្គត់ផ្គង់តម្រូវនៅក្នុងស្រុក។
សម្ដេចតេជោ បានបញ្ជាក់ថា ពេលខ្មែរស្លាប់ ពួកអ្នកក្រៅប្រទេសទាំងនោះ មិនបានមកស្លាប់ជាមួយខ្មែរទេ ប៉ុន្ដែនៅពេលខ្មែរមានសន្ដិភាព ពួកគេបែរជាមកខ្វល់ខ្វាយជាមួយកម្ពុជាទៅវិញ ៕
ដោយ ៖ សិលា