ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ ប្រទេសដែលគាំទ្ររដ្ឋប្រហាររបស់ លន់ នល់ នៅឆ្នាំ១៩៧០ សុទ្ធតែចូលរួមចំណែកដុតកម្លោចកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ប្រទេសទាំងឡាយដែលគាំទ្ររដ្ឋប្រហាររបស់ លន់ នល់ នៅឆ្នាំ១៩៧០ សុទ្ធតែចូលរួមចំណែកដុតកម្លោចកម្ពុជា ដោយបង្កើតឱ្យមានសង្រ្គាមឆាបឆេះនៅទូទាំងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុនសែន បានថ្លែង ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិត២ពាន់នាក់ នៅនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ។ 

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រទេសដែលតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ បែរជាទៅគាំទ្ររដ្ឋប្រហារយោធា ទម្លាប់សម្តេចព្រះនរោត្តម សីហនុ ដែលបង្ករជាសង្រ្គាមឆាបឆេះនៅក្នុងប្រទេសកម្ពុជាយើង សម្លាប់ជីវិតប្រជាពលរដ្ឋយ៉ាងច្រើន។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា មិនត្រឹមតែគាំទ្ររដ្ឋប្រហារ លន់ នល់ នោះទេ ពួកគេថែមទាំងគាំទ្រអាសនៈខ្មែរក្រហមនៅអង្គការសហប្រជាជាតិ រយៈពេល១២ឆ្នាំ ចាប់ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩១។ 

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ កុំតាំងខ្លួនស្រឡាញ់ខ្មែរ លើសខ្មែរឱ្យសោះ

 សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារផ្តាំទៅបរទេសមួយចំនួនថា សុំកុំតាំងខ្លួនស្រឡាញ់ខ្មែរ លើសខ្មែរឱ្យសោះ នៅពេលដែលខ្មែរស្លាប់នៅក្នុងជំនាន់៣ឆ្នាំ៨ខែ២០ថ្ងៃ បរទេសបានរត់ចោលយើងទុកឱ្យកម្ពុជាលំបាកវេទនា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលដែលខ្មែររកបាននូវសន្តិភាពហើយ ទើបបរទេសទាំងឡាយ គេបង្ហាញកង្វល់ជំនួសកម្ពុជាលើបញ្ហានេះបញ្ហានោះជំនួសកម្ពុជាទៅវិញដោយពួកគេមិនដែលបានខ្វល់គិតគូរពីបញ្ហាសន្តិភាពនិងសង្រ្គាមនៅកម្ពុជានោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា សុំបរទេសទាំងឡាយ កុំសាងកំហុសលើកទី២ដាក់កម្ពុជាឱ្យសោះ។ 

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពេលនេះគឺជាពេលតថ្លៃ នៃនយោបាយ  ដោយគណបក្សខ្លះសន្យាហួសហេតុ ទោះពួកគេដឹងថា មិនអាចធ្វើបានតាមសន្យាក៏ដោយ។ ការសន្យានោះមានដូចជា៖ បញ្ចុះតម្លៃសាំងឱ្យទាប ខណៈដែលកម្ពុជាមិនមែនជាប្រទេសផលិតប្រេង, សន្យាទិញទិញឡាន ម៉ូតូ ធ្វើផ្ទះថ្មឱ្យប្រជាពលរដ្ឋ ខណៈដែលខ្លួនគ្មានទាំងកង់ជិះ និងនៅផ្ទះស្លឹក ឬស្បូវ។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់មន្ត្រី ដែលបានផ្ញើសារជូនសម្តេច សូមសរសេរឱ្យខ្លី និងចំៗចំណុច ព្រោះសម្តេចគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់អាន និងមើលសារដ៏វែងអន្លាយទាំងនោះទេ។ សម្តេចតេជោ បានផ្តាំផ្ញើដល់មន្ត្រីទាំងអស់ បើមិនចាំបាច់ទេ សូមកុំផ្ញើសារជូនសម្តេចនាពេលព្រឹក ជាពិសេសសារអាក្រក់ៗ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលនេះ សភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនល្អទេ ទាំងនៅអាមេរិក និងនៅអឺរ៉ុប ជាពិសេសគឺនៅអឺរ៉ុបនេះតែម្ដង។ សម្ដេចថ្លែងថា ថ្វីត្បិតពេលនេះ មិនបង្កនូវបញ្ហាធ្ងន់ធ្ងរ ប៉ុន្ដែស្ថានភាពនេះបានធ្វើឱ្យ ប៉ះពាល់ដល់អតិផរណានៅគ្រប់ប្រទេសទាំងអស់៕

ដោយ ៖ សិលា


ចែករំលែក៖