ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវបំបែកជាបួនបណ្តាលឱ្យរថយន្តមួយគ្រឿងខូចខ្ទេចមួយកំណាត់មុខ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តយ៉ាងលឿនដល់ភ្លើងស្តុបផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅប៉ះជាមួយរថយន្តដឹកទំនិញធុនធំដែលកំពុងបើកឆ្លងភ្លើងស្តុបចំពីមុខខាងឆ្វេងពេញទំហឹង បណ្តាលឱ្យរថយន្តFord Raptor ខ្ទេចមួយកំណាត់មុខ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១០និង៣០នាទីយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយកែងផ្លូវសម្តេចជាស៊ីម ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តដឹកទំនិញធុនធំមួយគ្រឿង ក្បាលពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 3D-5961បើកបរដោយបុរសម្នាក់ ធ្វើដំណើតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្នុងទិសដៅពីត្បូងមកជើងបានបើកឆ្លងភ្លើងស្តុបពណ៌ខៀវ ខណៈបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្ត ម៉ាក ford Raptor ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BM-3538 បើកបរដោយបុរសម្នាក់ ទំនងជាស្រវឹងស្រាធ្វើដំណើរតាមបណ្តោយផ្លូវសម្តេចជាស៊ីម ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន បានបើកឆ្លងផ្លូវជ្រុលទៅប៉ះជាមួយរថយន្តដឹកទំនិញធុនធំ ចំពីចំហៀងខាងមុខផ្នែកខាងឆ្វេងពេញទំហឹង បណ្តាលឱ្យរថយន្តFord Raptor ខ្ទេចមួយកំណាត់មុខទាំងស្រុង ចំណែករថយន្តដឹកទំនិញសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួស ។

បន្ទាប់ពីកើតហេតុ ដោយសារភាគីទាំងពីរសម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឱ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖