អគ្គិភ័យដ៏ធំមួយបានផ្ទុះឡើងនៅជំរំជនភៀសខ្លួន Balukhali ក្នុងប្រទេសបង់ក្លាដែសកាលពីថ្ងៃទី៥ ខែមីនាដោយបានបញ្ជូនមនុស្សរាប់ពាន់នាក់ស្ថិតនៅក្នុងស្ថានភាព គ្មានផ្ទះសម្បែង ត្រូវដេកកណ្តាលវាល។
យោងតាមមន្ត្រីប៉ូលិសបង់ក្លាដែស លោក Mohammad Mahfuzul Islam បាននិយាយថា អគ្គិភ័យបានឆាបឆេះនៅជំរំBalukhali ក្នុងសង្កាត់ Cox’s Bazar ដែលជាកន្លែងជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែលមួយលាននាក់រស់នៅ។ ពលរដ្ឋនៅក្នុងតំបន់បាននិយាយថា “ភ្លើងបានឆេះតង់បណ្តោះអាសន្នប្រហែល 2,000 មុនពេលត្រូវបានគ្រប់គ្រងដោយក្រុមពន្លត់អគ្ភិភ័យ” ។
លោក Selim Ullah ជាជនភៀសខ្លួនបាននិយាយថា គាត់មិនអាចជួយសង្គ្រោះខ្លួនឯង និងទ្រព្យសម្បត្តិរបស់គ្រួសារគាត់ពីភ្លើងបានឡើយ។ “ អ្វីៗបានឆេះទៅជាផេះ។ មនុស្សជាច្រើនបានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ។ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងចំពោះគ្រួសាររបស់ខ្ញុំបន្ទាប់ទៀតនោះទេ។ យើងបានជួបបញ្ហាជាច្រើនពីមុន ហើយ ឥឡូវនេះវាចប់ម្តងទៀតហើយ” ។
យោងតាម Reutersបានបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលជំរំជនភៀសខ្លួន Balukhali នៅក្នុងប្រទេសបង់ក្លាដែសបានឆេះ។ នៅក្នុងខែមីនា ឆ្នាំ ២០២១ អគ្គិភ័យដ៏ធំមួយបានផ្ទុះឡើងនៅទីនេះ ដែលបានឆក់យកជីវិតជនស៊ីវិល ១៥នាក់ និងបានបំផ្លាញផ្ទះជាង ១មឺនខ្នង៕ ដោយ៖ ធីរីណា
រូបថត ៖ Vietnamnet.vn