ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារ អបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១១២ ឆ្នាំ២០២៣។
សូមបញ្ជាក់ថា, ទិវាអន្តរជាតិនារី៨មីនា ឆ្នាំនេះគឺជាគម្រប់ខួបលើក១១២ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា, ទិវាអន្តរជាតិនារី ឬទិវាសិទ្ធនារីអន្តរជាតិ ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិប្រកាសនៅឆ្នាំ១៩៧៧ ជា «ថ្ងៃអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្ត្រីនិងសន្តិភាពពិភពលោក»។ ទិវានេះត្រូវបានប្រារព្ធឡើងនៅទូទាំងសកលលោក ដើម្បីរម្លឹកពីប្រវត្តិនៃការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងពីសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការ វិជ្ជមាននានា សំដៅបន្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ស្ត្រី និងក្មេងស្រី។
សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូននារីគ្រប់រូបជួបតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបាននូវភាពរីករាយក្នុងថ្ងៃឈប់សម្រាកនេះ៕
ដោយ ៖ សហការី