ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ថ្លែង​ប្រសាសន៍សំខាន់ៗ​ក្នុងឱកាស​អញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៧

ចែករំលែក៖

ខេត្តកំពង់ធំ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​ ក្នុងឱកាសអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត» នៅខេត្តកំពង់ធំ​។

សូម​អាន​ប្រសាសន៍សំខាន់ៗ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ មានដូចខាងក្រោម​៖

សម្ដេច​តេជោ​ ហ៊ុន​ សែន​ បានជំរុញឱ្យក្រសួងពាក់ព័ន្ធផ្ដល់អាទិភាពលើការអភិវឌ្ឍនៅតាមតំបន់ទន្លេ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ និងការដឹកជញ្ជូនពិសេសការសាងសង់ស្ពានតភ្ជាប់ទន្លេ និងផ្លូវដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ។​

សម្ដេចតេជោ​ ថ្លែងថា ទឹកទន្លេជាប្រភពនៃការចិញ្ចឹមបីបាច់ជីវិត ជាទីកន្លែងដែលបណ្តុះបណ្តាល និងពូនជ្រុំនូវវប្បធម៌ និងអរិយធម៌។ ជាមួយគ្នានេះ ទន្លេបានផ្សារភ្ជាប់ប្រទេសនានាដែលហូបទឹក នៃទន្លេតែមួយឱ្យក្លាយជាសហគមន៍រួមវាសនាតែមួយ ដែលប្រកបដោយសមភាព ជួយយកអាសាគ្នាដោយស្មោះត្រង់ និងស្និទ្ធស្នាលដូចជាមនុស្សក្នុងគ្រួសារតែមួយ។​

សម្តេចតេជោ បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ថែរក្សាសន្ដិសុខ និងអនុវត្តគោលនយោនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពជាប្រចាំជាពិសេស នៅតំបន់ទេសចរណ៍ផ្សេងៗ ដើម្បីរក្សានូវសន្ដិសុខ ស្ថេរភាព សម្រាប់ទេសចរ ដោយយកការទទួលខុសត្រូវខ្ពស់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយធានាថាទីនោះគ្មានចោរលួច ប្លន់ និងភាពអសន្ដិសុខឡើយ។

សម្តេចតេជោ​ ថ្លែង​ថា រាជរដ្ឋាភិបាលកម្ពុជាបន្តកិច្ចខិតខំប្រឹងប្រឹងលើការថែរក្សា និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាននៅតាមតំបន់ទន្លេស។ សម្ដេចគាំទ្រឱ្យមានការរៀបចំបុណ្យទន្លេជារៀងរាល់ឆ្នាំនៅតាមបណ្ដាខេត្តជាប់ទន្លេជារៀងរាល់ឆ្នាំ។ 

សម្តេចតេជោ ថ្លែងថា ជាការពិតរាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជាមាសបៃតង ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍ និងសេដ្ឋកិច្ចជាតិ ក្នុងស្មារតីនេះ កម្ពុជាបន្តពង្រឹងការអភិវឌ្ឍវិស័យទេសចារណ៍នេះបន្ថែមទៀត ក្រោមម្លប់សន្ដិភាព។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ដល់អន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដែលបានរួមគ្នារៀបចំពិធីបណ្យទន្លេលើកទី៧ ប្រកបដោយជោគជ័យនាថ្ងៃនេះ ក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត» ក្រោយពីបានអាក់ខានរយៈពេល ៣ឆ្នាំ។

សម្ដេចតេជោ ថ្លែង​រម្លឹកថា រាជរដ្ឋាភិបាលបានបែងចែកដីបឹងទន្លេសាបជា ៣តំបន់ ក្នុងនោះ តំបន់ ៣ជាដីដែលមិនអាចអាស្រ័យផល និងមិនអាចធ្វើម្ចាស់កម្មសិទ្ធិបាន តំបន់ពីរ អាចអាស្រ័យផល តែមិនអាចធ្វើម្ចាស់បាន និងតំបន់ ១ អាចអាស្រ័យផល និងអាចធ្វើម្ចាស់កម្មសិទ្ធិបាន ក្នុងនោះ ចំណុចសំខាន់ គឺការគិតគូរដល់ការអភិរក្ស និងការរស់នៅរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ថ្លែង​ថា សម្ដេចតេជោ ស្នើឱ្យពលរដ្ឋកម្ពុជាទូទាំងប្រទេស រួបរួមគ្នាការពារនូវសន្ដិភាព ដែលយើងខិតខំស្វែងរកដ៏តម្លៃ មិនអាចឱ្យអ្នកណាមួយមកបំផ្លាញបានឡើយ ហើយទោះក្នុងតម្លៃណាក៏ដោយយើងត្រូវតែរក្សានូវសន្ដិភាពនេះឱ្យខានតែបាន។

សម្តេចតេជោ ថ្លែងថា អ្នកណាក៏ដោយដែលមានបំណងបំផ្លាញសន្ដិភាពទោះក្នុងតម្លៃណាក៏ដោយ ក៏មិនអាចឱ្យអ្នកទាំងនោះ មកបំផ្លាញសន្ដិភាពនៅក្នុងប្រទេសកម្ពុជាបានឡើយ បើគ្មានសន្ដិភាព គឺមិនអាចនិយាយពីប្រជាធិបតេយ្យបានឡើយ។

សម្តេចតេជោ បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ថែរក្សាសន្ដិសុខ និងអនុវត្តគោលនយោនយោបាយភូមិឃុំសុវត្ថិភាពជាប្រចាំ។ ក្នុងន័យនេះ គឺមិនត្រឹមតែខេត្តកំពត់ធំទេ ប៉ុន្ដែ តំបន់ទេសចរណ៍ផ្សេងទៀត ត្រូវរក្សាឱ្យបាននូវសន្ដិសុខ ស្ថេរភាព សម្រាប់ទេសចរណ៍ ដោយយកការទទួលខុសត្រូវទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធានាថាទីនោះគ្មានចោរលួច ប្លន់ និងភាពអសន្ដិសុខចំពោះទេសចរណ៍។

សម្តេចតេជោ ក៏បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បន្តជំរុញការវាស់វែងដី ដែលត្រូវច្រៀកចេញពីតំបន់៣ និងតំបន់២ ដើម្បីថែរក្សាអភិរក្ស និងផ្ដល់ដីដល់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងសមធម៌ ឱ្យបានចប់សព្វគ្រប់។

សម្តេចតេជោ ថ្លែង​ថា ខេត្តកំពង់ធំទទួលបានប្រយោជន៍ច្រើនជាងគេ ដែលរាជរដ្ឋាភិបាលបានឱ្យកាត់ដីចេញពីតំបន់២ ចេញទៅតំបន់១ និងកាត់ដីពីតំបន់៣ ទៅជាតំបន់២ ដើម្បីកាត់ឆ្វៀលផ្ដល់ដីដល់ពលរដ្ឋ និងការអភិរក្សដីបឹងទន្លេសាបនៅទីនេះ។

សម្តេចតេជោ ជំរុញឱ្យក្រសួងពាក់ព័ន្ធផ្ដល់អាទិភាព លើការអភិវឌ្ឍនៅតាមតំបន់ទន្លេ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ និងការដឹកជញ្ជូនជាដើម ពិសេសការសាងសង់ស្ពានតភ្ជាប់ទន្លេ និងផ្លូវ ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានសម្រេចអនុម័តឱ្យប្រើប្រាស់ឥណទានក្នុងការសាងសង់ស្ពានឆ្លងទន្លេ ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ដែលគម្រោងនេះនឹងត្រូវអនុវត្តនៅឆ្នាំ២០២៤។

សម្តេចតេជោ បានប្រកាសចាត់ទុកអ្នកកំពង់ធំ ជាអ្នកដែលមានភព្វសំណាង ត្រង់ខេត្តនេះ បានតភ្ជាប់ជាមួយខេត្តជាច្រើន ដូចជា ខេត្តសៀមរាប ក្រចេះ និងខេត្តមួយចំនួនទៀត ដែលឱកាសនេះ កាក់កបដល់ការប្រកបរបប ភោជនីយដ្ឋាន ជាមុខរបបកាក់កបសម្រាប់ប្រជាពលរដ្ឋ៕

ដោយ​៖ស​ តារា​


ចែករំលែក៖