ភ្នំពេញ៖ នៅក្នុងប្រទេសកម្ពុជា ព្រៃល្បោះស្ងួតនៃតំបន់ទេសភាពខ្ពង់រាបភាគខាងកើត និងតំបន់ទេសភាពខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា ផ្តល់ជាទីជម្រកទ្រទ្រង់សត្វព្រៃជាច្រើនប្រភេទ ជាពិសេសពពួកសត្វព្រៃដែលកំពុងទទួលរងការគម្រាមកំហែងជាសកល ដែលរួមមានពពួកថនិកសត្វ និងសត្វស្លាប។
ជាក់ស្ដែងក្រសួងបរិស្ថាន បានឱ្យដឹងថា នៅក្នុងព្រៃល្បោះស្ងួត ត្រពាំងទឹកធម្មជាតិ គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធអេកូឡូស៊ីរបស់ព្រៃនេះ, នៅពេលដែលប្រភពទឺកផ្សេងៗទៀតត្រូវបានរីងស្ងួតអស់ វាបានតើតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជាទីជម្រករកស៊ី ទៅដល់ប្រភេទសត្វកម្រសំខាន់ៗដូចជា៖ ដំរីអាស៊ី ទន្សោង រម៉ាំង ត្រយងយក្ស ត្រយងចំកំកស ត្រដក់តូច និងក្ងោកបៃតង ជាដើម។
សូមជម្រាបជូនថា ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសុក្រទី១០ ខែមីនានេះ បានបង្ហាញសត្វទន្សោង ជាប្រភេទស្ថិតក្នុងអំបូរគោសារទិស និងជាប្រភេទជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានស្ទើរគ្រប់ទីកន្លែងនៅតាមតំបន់ព្រៃដោយរស់នៅជាហ្វូងអាចលាយឡំជាមួយ គោព្រៃ ប្រើស ខ្ទីងជាដើម ភាគច្រើននៅ តំបន់ព្រៃល្បោះ មានអូរ ស្ទឹង ត្រពាំង ថ្លុកដែលមាន ស្មៅ ស្បូវ ព្រេច ឬស្សី ល្បះរុក្ខជាតិ គម្ពោតព្រៃ ទឹកជប់ ដីច្រាប នៅតាមតំបន់ភូមិភាគឦសាន និរតី និង ភាគខាងជើងប្រទេស។
ជាមួយគ្នានោះ ក្រសួង ក៏បានបង្ហាញពីសត្វត្រយងយក្ស ឬឪលើក ( Giant Ibis )៖ គឺជាសត្វបក្សីតំណាងជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាសត្វជិតផុតពូជបំផុតហើយមានចំនួនតិចតួចបំផុតនៅលើពិភពលោក៕
ដោយ៖សហការី