ខេត្តមណ្ឌលគិរី ៖ ក្រុមមន្ត្រី ក៏ដូចជាពលរដ្ឋសាមញ្ញនៅក្រុងសែនមនោរម្យបានសម្ដែងការរិះគន់ និងនឹកហួសចិត្ត ខណៈសុខៗស្រាប់តែមានគេយករបងលួសបន្លាទៅព័ទ្ធរំលោភយកដីពន្ធនាគារពីខាងកើត និងដីផ្លូវសាធារណៈប្រមាណពាក់កណ្ដាលផ្លូវធ្វើជាកម្មសិទ្ធិ ។
មន្ត្រីរាជការក៏ដូចជាពលរដ្ឋបានលើកឡើងថា នេះជាមហិច្ចតាដ៏គួរឲ្យខ្មាស់អៀនបំផុត នៅខណៈដែលដីពន្ធនាគារ និងផ្លូវសាធារណៈក៏ត្រូវបានគេរំលោភយកដោយគ្មានក្រែងញញើតច្បាប់ទម្លាប់ស្រុកទេស។ ពិតជាមិនស្គាល់”ពន្ធនាគារ”…មិនស្គាល់ “គុក” មែន ។ ព្រោះ ថា ពាក្យ”ពន្ធនាគារ”ហាក់មានឥទ្ធិពលអំណាចទន់ៗ ជាងពាក្យ”គុក” ។ អញ្ចឹងហើយបានជាគេអាចលេង សើចបាន (sic) យ៉ាងនេះ ។
បុរសម្នាក់ឈ្មោះ ថេង ចាន់ថន បានចេញមុខមកទទួលស្គាល់ថា ដីដែលមានទទឹងប្រមាណ២ ម៉ែត្រជាប់របងគុកពីខាងកើត គឺជាដីដែលគាត់បានទិញគេ និងកាន់កាប់តាំងពីទសវត្សរ៍ទី៨០ មកម៉្លេះ,តែគ្មានប្លង់។
លោក អាន គីមឡេង នាយកពន្ធនាគារខេត្តមណ្ឌលគិរីបានបញ្ជាក់ថា ការធ្វើរបងនេះបានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខពន្ធនាគារ , ខាងពន្ធនាគារមានប្លង់កម្មសិទ្ធិត្រឹមត្រឹមត្រូវ ដែលនៅជាប់របងពន្ធនាគារពីខាងកើតមានផ្លូវទំហំ១០ម៉ែត្រ ។ បើទោះជាដូច្នេះក្ដីលោកថា លោកទុកបញ្ហានេះឲ្យរដ្ឋបាលសាធារណៈជាអ្នកដោះស្រាយចុះ ។
សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី១០ មីនា នេះ ក្រុមមន្ត្រី អាជ្ញាធរ និងស្ថាប័នជំនាញបានចុះទៅដល់ទីតាំងកើត ហេតុ ដោយសម្រេចរក្សាស្ថានភាពដើមនៅដដែល សិន និងហាមប្រាមភាគីឈ្មោះ ថេង ចាន់ថន មិនឲ្យសាងសង់សំណង់នៅលើដីទំនាស់ដើម្បីរង់ចាំបន្តដោះស្រាយពេលក្រោយ ៕
ដោយ៖ សូរិយា