ព័ត៌មានទាន់ហេតុការណ៍៖

ការជួលអចលនទ្រព្យនៅក្នុងទីក្រុងឌូបៃកើនឡើងខ្លាំងក្នុងរយៈពេល២ខែដើមឆ្នាំ២០២៣

ចែករំលែក៖

ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ CBRE បានបង្ហាញនៅក្នុងរបាយការណ៍មួយ ថាតម្រូវការអចលនទ្រព្យនៅក្នុងរដ្ឋធានីឌូបៃប្រទេសអារ៉ាប់រួមបានកើនឡើងខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល២ខែដើមឆ្នាំ២០២៣។

គិតតែក្នុងខែកុម្ភៈមួយ មានការជួលរហូតដល់ទៅ 8,515 ប្រត្តិបត្តិការកើនឡើង៤៣,៩%បើប្រៀបធៀបទៅនឹងឆ្នាំចាស់។ សរុបការជួលទាំង២ខែ មករានិងកុម្ភៈឆ្នាំ២០២៣នេះមាន 17,741ប្រត្តិបត្តិការ

កំនើនតម្រូវការអចលនទ្រព្យនេះគឺដោយសារតែមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ទីក្រុងឌូបៃ។ ការរីកដុះដាលនៃភោជនីយដ្ឋានលំដាប់ថ្លៃៗនៅទីក្រុងនេះសន្ទុះយ៉ាងខ្លាំងរយៈពេលត្រឹមតែប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

​ក្លិបកំសាន្តបារ មានមនុស្សចូលពេញៗចរាចរណ៍កកស្ទះសូម្បីតែការហៅតាក់ស៊ីជិះក៏ត្រូវការចំណាយពេលវេលាយូរដែរមិនថាថ្ងៃច័ន្ទឬអាទិត្យឡើយ។

ប្រហែល៩០ភាគរយនៃអ្នករស់នៅក្នុងទីក្រុងឌូបៃគឺជាជនបរទេសហើយក៏កំពុងតែជួបបញ្ហាឡើងថ្លៃនៃការជួលកន្លែងស្នាក់នៅ។ ភ្នាក់ងារប្រឹក្សាអចលនទ្រព្យមួយនៅក្នុងទីក្រុងនេះបានប្រាប់សារព័ត៍មានCNBCថា តម្លៃជួលកើនរហូតដល់ទៅ៦០%។ ទីប្រឹក្សារូបនេះបានសម្រេចចិត្តផ្លាស់ទីតាំងដោយសារតែមិនអាចទប់នឹងការឡើងថ្លៃជួលបាន។ ម្ចាស់ផ្ទះភាគច្រើនសុំឡើងថ្លៃជួលចាប់ពី៥០%ឡើងដែលជាហេតុធ្វើឲ្យមានការផ្លាស់ទីលំនៅច្រើន។

នាយកដ្ឋានដីធ្លីរបស់ទីក្រុងឌូបៃមានស្ថាប័នមួយហៅថា RERA ដែលជាភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យ ដែលចែងថាម្ចាស់ផ្ទះមិនអាចទាមទារការដំឡើងថ្លៃជួលលើសពីភាគរយជាក់លាក់មួយដោយផ្អែកលើតម្លៃទីផ្សារបច្ចុប្បន្នរបស់អចលនទ្រព្យនោះទេ។

មិនមែនត្រឹមតែការជួលឡើងថ្លៃនោះទេ តម្លៃអចលនទ្រព្យក៏ឡើងថ្លៃខ្លាំងផងដែរនៅក្នុងតំបន់រស់នៅរបស់អភិជនក្នុងទីក្រុងឌូបៃ។ CBRE និយាយថាតម្លៃលក់គឺកើនឡើង 11.5% ជាមធ្យមក្នុងឆ្នាំ2021ដល់ខែកុម្ភៈ 2023

ជនបរទេសនៅឌូបៃម្នាក់ដែលបានស្នើសុំមិនបញ្ចេញឈ្មោះ បានទិញអចលនទ្រព្យមួយក្នុងតម្លៃប្រហែល 4 លានឌីរ៉ាមអារ៉ាប់រួម (1.09 លានដុល្លារ) នៅដើមឆ្នាំ 2021 ជួសជុល និងតុបតែងវាឡើងវិញ ហើយក្នុងឆ្នាំនេះបានលក់វាក្នុងតម្លៃទ្វេដង ៕

ដោយ៖ ភារៈ(ប្រភពCNBC)


ចែករំលែក៖