ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការណ៍កីឡារត់ប្រណាំង អបអរសាទរពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ មានអ្នកចូលរួមប្រមាណ ២.០០០នាក់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ ក្រុមហ៊ុនវឌ្ឍនៈ បានរៀបចំព្រឹត្តិការណ៍កីឡារត់ប្រណាំង ដើម្បីចូលរួមអបអរសាទរបុណ្យទន្លេលើកទី៧ ដោយមានកិច្ចសហការ សម្របសម្រួល រៀបចំព្រឹត្តិការណ៍ពីរដ្ឋបាលខេត្តកំពង់ធំ  ក្រុមការងារក្រសួងទេសចរណ៍ និងក្រុមការងារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមជាអធិបតី និងចូលរួមដើរកម្សាន្តពីសំណាក់ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អ្នកឧកញ៉ា ឈុន លាង  អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ។ 

ព្រឹត្តិការណ៍នេះមានអ្នកចូលរួមរត់ប្រណាំង និងដើរកម្សាន្ត ជិត ២០០០នាក់ ដោយចែកចេញជា ០២ វិញ្ញាសា៖

១- រត់ប្រណាំង (រត់បណ្តាក់ ៧គោលដៅ) ចម្ងាយ ១៨គម ដោយចេញដំណើរពីគល់ស្ពានស្ទឹងសែន រត់ចុះស្របតាមដងស្ទឹងមកក្រោមរហូតដល់វត្តទេពនិម្មិត្ត បត់ឆ្វេងចូលផ្លូវទៅផ្ទះសំណាក់ថៃលី បត់ទៅផ្លូវជាតិលេខ៦វិញ ឆ្លងថ្នល់បត់ឆ្វេងរត់មកវិមានឯករាជ្យ រួចបត់ស្តាំតាមផ្លូវប្រជាធិបតេយ្យ ហួសតុលាការចាស់ បត់ស្ដាំឆ្ពោះទៅផ្លូវមុខសាលាដំរីជាន់ខ្លា បត់ស្តាំទៅផ្លូវជាតិលេខ៦វិញ ដោយឆ្លងថ្នល់បត់ឆ្វេងតាមផ្លូវជាតិលេខ៦ ឆ្ពោះទៅរង្វង់មូលលោកតាក្រហមក រួចត្រលប់មកវិញតាមផ្លូជាតិលេខ៦ដដែល ឆ្លងស្ពានស្ទឹងសែនឆ្ពោះទៅរង្វង់មូលលោកតាអាចារ្យល័ក្ខ រួចត្រលប់មកវិញតាមផ្លូវជាតិលេខ៦ដដែល ឆ្លងស្ពាមស្ទឹងសែន បត់ស្តាំកន្លែងបញ្ចប់ (Start-Finish Point) ។

២- ដើរកម្សាន្តថ្មើជើងចម្ងាយ ៥គម ចេញដំណើរពីគល់ស្ពានស្ទឹងសែន តាមផ្លូវជាតិលេខ៦ ឆ្ពោះមកដល់មុខធនាគាវឌ្ឍនៈ ត្រលប់មកគោលដៅចេញដំណើរវិញ ៕

ដោយ ៖ សហការី


ចែករំលែក៖