ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល ១២នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៣ មីនានេះ!

ចែករំលែក៖

ភ្នំពេញ៖ ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ បណ្តាលឱ្យមនុស្សស្លាប់ម្នាក់ របួសធ្ងន់ ១០នាក់ និងស្រាល ២នាក់ ។​ ដូច្នេះ​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង !

ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៣ ខែមីនានេះ បានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៧លើក មានល្បឿន ២លើក មិនគោរពសិទ្ធ ១លើក មិនប្រកាន់ស្តាំ ២លើក បត់គ្រោះថ្នាក់ ១លើក និងស្រវឹង ១លើក។ 

គួរជម្រាបដែរថា​ កាលពីម្សិលមិញនេះ​ ​ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនាថ្ងៃទី១២ ខែមីនាម្សិលមិញ​ បណ្តាលឱ្យមនុស្សស្លាប់ ម្នាក់ របួសធ្ងន់ ១៧នាក់ និងស្រាល ៥នាក់។​ ចំពោះ​គ្រោះថ្នាក់នេះដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៩លើក មានកត្តាល្បឿន ៣លើក មិនគោរពសិទ្ធ ៣លើក មិនប្រកាន់ស្តាំ ១លើក ប្រជែងគ្រោះថ្នាក់ ១លើក និងស្រវឹង ១លើក៕

ដោយ​៖អារុណ​រះ(រូបភាព៖ ឯកសារ)


ចែករំលែក៖