រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yasukazu Hamada នៅថ្ងៃទី១៣ខែមីនា បានប្រកាសថា សមភាគីមកពីអង់គ្លេស អុីតាលី នឹងមកដល់ប្រទេសជប៉ុននៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាត្រីភាគី។
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣បានផ្សាយថា កាលពីខែធ្នូ ឆ្នាំ២០២២ ជប៉ុន អង់គ្លេស និងអ៉ីតាលី បានប្រកាសអំពីគម្រោងការបណ្តាក់ទុនលើកម្មវិធី Global Combat Air Program ដើម្បីអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ក្រោយនៅឆ្នាំ២០៣៥ ដែលរួមបញ្ចូលដោយគម្រោង Tempest របស់ចក្រភពអង់គ្លេសជាមួយកម្មវិធីយន្ដហោះចម្បាំង F-X របស់ជប៉ុន។
ក្រសួងការពារជាតិជប៉ុនបានឱ្យដឹងថា លោក ហាម៉ាដា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រីភាគីជាមួយរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក ប៊ែន វ៉ាឡែស (Ben Wallace) និងរដ្ឋមន្ត្រីការពារជាតិអ៉ីតាលី លោក ហ្គូដូ ក្រូសេតតូ (Guido Crosetto) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ លោក ហាម៉ាដា ក៏នឹងជួបប្រជុំទ្វេភាគីដាច់ដោយឡែក ជាមួយរដ្ឋមន្រ្តីទាំងពីរផងដែរ។ ភាគីទាំងបីនឹងពិភាក្សាអំពីគម្រោងផលិតយន្តហោះចម្បាំង ដែលនេះជាកិច្ចសហការលើឧស្សាហកម្មការពារជាតិដ៏សំខាន់លើកដំបូងរបស់ជប៉ុន ក្រៅពីជាមួយសហរដ្ឋអាមេរិក ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។
ភាពជាដៃគូត្រីភាគីរួមគ្នារវាងជប៉ុន អង់គ្លេស និងអ៉ីតាលី ត្រូវបានបង្កើតកាលពីឆ្នាំ២០២២ នៅពេលដែលប្រទេសបារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ បានពន្លឿនគម្រោងផលិតយន្តហោះចម្បាំង ក្រោមក្របខ័ណ្ឌដ៏ទូលំទូលាយរបស់សហភាពអឺរ៉ុប ដើម្បីពង្រឹងសន្តិសុខប្រឆាំងនឹងអ្វីដែលមិនអាចទាយទុកមុន ដែលកើតចេញពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៕ ដោយ៖ ធីរីណា
រូបថត ៖ Reuters