ខេត្តកំពង់ស្ពឺ៖ យោងតាមមន្ត្រីសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃថៃ្ង១៦ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានប្រេីកណ្ដាប់ដៃដែកបំបែកក្រុមក្មេងទំនេីងដែលយកគ្រាប់ដែកគ្រាប់ថ្មចម្ពាមកៅស៊ូបាញ់បំបែកកញ្ចក់រថយន្ដអ្នកដំណេីរនៅស្រុកឱរ៉ាល់ ៣នាក់បញ្ជូនទៅតុលាការខេត្តដេីម្បីចាត់ការតាមច្បាប់។
មន្ត្រីដដែលបន្តថា ដោយអនុវត្តតាមបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ដាច់ខាតសន្ដិសុខមូលដ្ឋានត្រូវតែធានា ពិសេសក្មេងទំនើង កាលពីវេលាម៉ោង២២ៈ១០នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កម្លាំងនគរបាលទទួលបានទទួលព័ត៌មានថាមានក្រុមក្មេងទំនេីងមួយក្រុមធ្វេីសកម្មភាពជិះម៉ូតូគប់រថយន្ដអ្នកដំណើរ តាមរយៈកិច្ចសហការផ្ដល់ព័ត៌មានពីគណនីហ្វេសប៊ុក messager បញ្ជាក់ថា ក្រុមក្មេងទំនេីងទាំងនោះបានយកគ្រាប់ដែកបាញ់មកលេីរថយន្ដរបស់ខ្លួនដែលកំពុងតែធ្វេីដំណេីរលេីផ្លូវជាតិលេខ៤៤។
កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់បានល្បាតពួនស្ទាក់លេីចំណុចភូមិសាស្រ្ដផ្លូវជាតិលេខ៤៤ នៅវេលាម៉ោង២៣៖១០នាទី ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៦-៣៧ ឃើញមុខសញ្ញាសង្ស័យក្រុមក្មេងជិះម៉ូតូ២គ្រឿងដូចសេចក្ដីរាយការណ៍ សមត្ថកិច្ចបានឃាត់សាកសួរនិងពិនិត្យ ៖ ម៉ូតូម៉ាកអុិចស៊ីទ័រពណ៌ខៀវគ្មានឯកសារ ជិះគ្នាពីរនាក់ និងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1I-4633 ជិះម្នាក់ឯង សមត្ថកិច្ចឆែកឆេររកឃេីញឧបករណ៍សម្ភារៈរួមជាមួយកូនកាំបិតចុងស្រួចចំនួន០១ ចម្ពាមកៅស៊ូ០២ គ្រាប់ចម្ពាម០៤គ្រាប់ ដុំថ្មច្រកថង់ ។
ជាក់ស្ដែងទី១-ឈ្មោះ សុខ រឹម ភេទប្រុស អាយុ២០ឆ្នាំ , ទី២-ឈ្មោះ ណាង ចិន្ដា ភេទប្រុស អាយុ១៩ឆ្នាំ និងទី៣-ឈ្មោះ វ៉េត សាវិន ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំងបីនៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ការផ្ដល់ចម្លេីយចំពោះសមត្ថកិច្ចថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពបាញ់គ្រាប់ចម្ពាមទៅលេីរថយន្តអ្នកដំណើរពិតប្រាកដមែន លេីសពីនោះធ្លាប់ធ្វើសកម្មភាពច្រើនលើកច្រើនសាមកហើយ។
បច្ចុប្បន្ននៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ ខែមីនា ឆ្នាំ២០២៣នេះ សមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងបញ្ជូន ដេីម្បីបន្ដនីតិវិធី៕
ដោយ៖សហការី