ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣នេះ លោក ឧត្ដមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងដ្ឋាននគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញ ការពារទប់ទល់នឹងសភាពការណ៍ជូនដល់កងកម្លាំងអន្តរាគមន៍ពិសេស និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ព្រមទាំងប័ណ្ណសរសើរ ជូនដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក ខ្លូត ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងជាតំណាង លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ វរសេនីយ៍ ប្រតិភូអមដំណើរ លោកឧត្តមសេនីយ៍ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម-ត្បូងឃ្មុំ លោក-លោកស្រីស្នងការរង អនុប្រធានផែន នាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុក-ក្រុងទាំង១០ និងសិក្ខាកាមចំនួន១០០នាក់។
ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឡើងមានចំណាប់អារម្មណ៍លើរបាយការណ៍ស្វាគមន៍ក្នុងអង្គពិធី ដោយគោរពថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេស នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដែលតែងតែជំរុញ និងលើកកម្ពស់ដល់ការបណ្ដុះបណ្ដាលធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កន្លងមកនេះ។
លោកឧត្តមសេនីយ៍ ស្នងការ បានបន្ដលើកឡើងនូវការងារមួយចំនួនដែលស្នងការដ្ឋាននគរបាលខេត្តសម្រេចបាននាពេលថ្មីៗនេះរួមមាន៖ ១-អំពីសភាពការណ៍សន្តិសុខ, ២-ការងារប្រឆាំងបទល្មើស, ៣-ការងារសណ្ដាប់ធ្នាប់សាធារណៈ, ៤-ការងារផ្ដល់សេវាសាធារណៈ, ៥-ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព, ៦-ការកសាងអង្គភាពនិងទី៧-ការងារបណ្ដុះបណ្ដាលធនធានមនុស្ស ដោយរយៈពេលកន្លងមកនេះ បានអនុវត្តការងារយ៉ាងសកម្មផុលផុសដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរដូចដែលបានគ្រោងទុក។
លោកឧត្តមសេនីយ៍ឯក លន់ សុផាត បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ លោក នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយក្ដីនឹករលឹក។ លោកក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលទ្ធផលដែលស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សម្រេចបានដោយជោគជ័យនៅពេលកន្លងមកផងដែរ។
លោកអគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ទៀតថា នៅមានកិច្ចការចំពោះមុខច្រើនទៀត ដែលកងកម្លាំងទាំងអស់ត្រូវតែរួមគ្នាអនុវត្តតាមអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន។ ជាក់ស្ដែងនៅពេលខាងមុខ កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ព្រមទាំងព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
ក្នុងឱកាសនោះដែរ លោកអគ្គស្នងការរង និងឯកឧត្តម អភិបាលរងខេត្ត បានអញ្ជើញផ្ដល់កិត្តិយសជាគណៈអធិបតី ក្នុងការប្រគល់ប័ណ្ណសរសើរដល់គ្រូបង្គោល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន៩នាក់ និងសិក្ខាកាមចំនួន៦៣នាក់ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឧបត្ថម្ភជាថវិកាដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ថវិកាចំនួន ៥លានរៀល សម្រាប់ជួយសម្រួលដល់ដំណើរការបណ្ដុះបណ្ដាលវគ្គបំប៉ននេះ និងឧបត្ថម្ភថវិកាដល់សិក្ខាកាម ចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៤ម៉ឺនរៀល សរុបជាថវិកាចំនួន៩លានរៀល៕
ដោយ ៖ សហការី