ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រទី១៧ ខែមីនា ឆ្នាំ២០២៣ នៅក្នុងពិធីទទួលរតនវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ ដែលពិធីធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព ដែលកើតចេញពីនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល គឺជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍ និងសុខដុមរមនារបស់ប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សន្តិភាពគឺពិតជាមានសារៈសំខាន់ជាទីបំផុត មិនត្រឹមត្រែសម្រាប់មនុស្សធម្មតានោះទេ គ្រួសារអាទិទេពដែលបានបែកគ្នាដោយសារសង្រ្គាម ក៏អាចបានវិលត្រឡប់មកជួបជុំគ្នាវិញដែរ។
សូមបញ្ជាក់ថា, នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ ដែលពិធីនេះបានរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សូមជម្រាបជូនថា វត្ថុបុរាណដែលទទួលបានមកវិញនេះ គឺជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន និងជាព្រលឹងដូចតាខ្មែរជាច្រើនជំនាន់ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់ទៅក្រៅប្រទេស នៅក្នុងអំឡុងនៃសង្រ្គាមស៊ីវិលរ៉ាំរ៉ៃ និងអសន្តិសុខ ដែលបានកើតឡើងនៅកម្ពុជានាពេលកន្លងទៅនេះ។
សន្តិភាពដែលកើតចេញពីនយោបាយ ឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានផ្តល់ឱកាសមាស អនុញ្ញាតឱ្យកម្ពុជាអាចនាំយកនូវព្រលឹងដូនតា និងរតនសម្បត្តិដ៏មានតម្លៃនានាដែលបានបាត់បង់ ត្រឡប់មកមាតុភូមិ កំណើតវិញជាបន្តបន្ទាប់ដែលជាមង្គលនិងម្លប់ចំពោះប្រជាជាតិ និងប្រជាជនកម្ពុជា៕
ដោយ ៖ សិលា