ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នាបន្តទៅបុកម៉ូតូបណ្ដាលឱ្យបុរសម្នាក់ស្លាប់គួរឱ្យអាសូរ

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង រួចបន្តទៅបុកម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យបុរសម្នាក់ជាអ្នកបើកម៉ូតូរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី១៧ ខែមីនា  ឆ្នាំ២០២៣ វេលាម៉ោង ០៩និង២៥នាទីព្រឹកនៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ២១-២២ ក្នុងភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

     មន្ត្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ មានរថយន្តម៉ាក HYUNDAI PORTER ពណ៌ ស ប្រភេទដឹកទំនិញធុនតូច ផ្លាកលេខ ភ្នំពេញ 2G -4552 បើកបរដោយឈ្មោះ សុទ្ធ ភារុណ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិផ្សារលើ ឃុំផ្សារឃ្លាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបើកបរមានទិសដៅពីភ្នំពេញទៅអ្នកលឿង តាមផ្លូវជាតិលេខ១ លុះមកដល់កន្លែងកើតហេតុខាងលើ បានបុកជាមួយរថយន្តម៉ាក SSANG YONG ISTANA ពណ៌ស ប្រភេទដឹកអ្នកដំណើរធុនតូច ពាក់ផ្លាកលេខ ភ្នំពេញ2AP-1663 បើកបរដោយឈ្មោះ អៀម រ៉េម ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងដែលបើកបរមានទិសដៅផ្ទុយគ្នា  ហើយរថយន្តម៉ាកHYUNDAI PORTER បានបើកទៅបុកជាមួយម៉ូតូ មួយគ្រឿងទៀត ម៉ាក HONDA DREAM  125ស៊េរី ឆ្នាំ២០២០ពណ៌ខ្មៅ  ផ្លាកលេខកណ្ដាល 1AH-5341 បើកបរដោយឈ្មោះ សួន ផល  ភេទប្រុស អាយុ៥១ឆ្នាំ  ជនជាតិខ្មែរ មានទីលំនៅភូមិ៣ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលបើកមានទិសដៅផ្ទុយគ្នា(អ្នកលឿងភ្នំពេញ)  បណ្ដាលអ្នកបើកបរម៉ូតូ ឈ្មោះ សួន ផល រងរបួសធ្ងន់ ជនរងគ្រោះ ត្រូវបានបងប្អូន បញ្ជូនទៅមន្ទីរបង្អែកស្រុក ពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ។

សាកសពបានប្រគល់ឱ្យទៅគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះមធ្យោបាយពាក់ព័ន្ធ ត្រូវបានកម្លាំងជំនាញ ចុះវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។

  សន្និដ្ឋានបឋម: ករណីនេះបណ្ដាលមកពី អ្នកបើកបររថយន្តម៉ាកHYUNDAI  PORTER ឈ្មោះ សុទ្ធ ភារុណ ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖