អន្តរជាតិ៖ បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣នេះថា៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីថ្ងៃសុក្រទី១៧ ខែមីនាម្សិលមិញនេះ បានប្រកាសពីការចេញដីកាចាប់ខ្លួន សម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជុំវិញការចោទប្រកាន់ អំពីការប្រព្រឹត្តឧក្រិដ្ឋកម្ម សង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន។
យោងតាមតុលាការ ICC ដីកាចាប់ខ្លួនលោក ពូទីន ខាងលើ គឺសម្រាប់ ការចោទប្រកាន់អំពីបទឧក្រិដ្ឋសង្រ្គាម ពាក់ព័ន្ធនឹងការចាប់បញ្ចូនកុមារ ដោយខុសច្បាប់ ចេញពីទឹកដីអ៊ុយក្រែនដែលស្ថិតក្រោមការត្រួតត្រា ទៅកាន់ប្រទេសរុស្ស៊ី គិតចាប់តាំងពីសង្គ្រាមឈ្លានពានបានចាប់ផ្តើម។ ប្រធានតុលាការអន្តរជាតិមួយនេះ បានបន្ថែមថា ការអនុវត្តដីកាចាប់ខ្លួន នឹងអាស្រ័យទៅលើកិច្ចសហប្រតិបត្តិការរបស់អន្តរជាតិ។
ជាមួយគ្នានោះ ជុំវិញបញ្ហានេះដែរ វិមានក្រឹមឡាំងបានចេញមុខទាត់ចោលដីកាខាងលើ ដោយចាត់ទុកវាជា មោឃៈ។ រុស្ស៊ីមិនមែនជាភាគីនៅក្នុងតុលាការ ICC នោះឡើយ ហេតុដូច្នេះវាពុំច្បាស់នោះទេថា តើលោកប្រធានាធិបតីរុស្ស៊ី នឹងមានថ្ងៃត្រូវ គេធ្វើបត្យាប័នដែរឬអត់ ឬមួយក៏ការធ្វើបត្យាប័នអាចប្រព្រឹត្តទៅ ដោយ របៀបណានោះ។
គួរបញ្ជាក់ថា ទីក្រុងមូស្គូបានបដិសេធការចោទប្រកាន់ដែលថា កងកម្លាំង របស់ខ្លួនបានប្រព្រឹត្តអំពើឃោរឃៅ កំលុងសង្រ្គាមនៅអ៊ុយក្រែន។ ចំណែក អ៊ុយក្រែនវិញ បានចេញមុខបង្ហាញការស្វាគមន៍ ចំពោះសេចក្តីប្រកាស របស់តុលាការ ICC ដោយនិយាយថា ដីកាចាប់ខ្លួនលោក ពូទីន គឺ គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ បើតាមការអះអាងរបស់ទីក្រុងកៀវ កុមារអ៊ុយក្រែនច្រើនជាង ១៦,០០០នាក់ ត្រូវបានចាប់បញ្ចូនទៅរុស្ស៊ី គិត ចាប់តាំងសង្គ្រាមបានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក៕
ដោយ៖ស តារា