ព័ត៌មានទាន់ហេតុការណ៍៖

ហាងលក់ទូរស័ព្ទមួយកន្លែង ត្រូវជនមិនស្គាល់អត្តសញ្ញាណគាស់ទ្វារ និងជញ្ជាំងខាងក្រោយ ចូលលួចយកទូរស័ព្ទអស់គ្មានសល់ពីក្នុងទូ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ហាងលក់ទូរស័ព្ទមួយកន្លែង ត្រូវជនមិនស្គាល់អត្តសញ្ញាណគាស់ទ្វារ និងជញ្ជាំងខាងក្រោយ ចូលលួចយកទូរស័ព្ទអស់គ្មានសល់ពីក្នុងទូ ខណៈម្ចាស់ហាងជាប់រវល់ទៅចូលរួមភ្ជាប់ពាក្យ បងប្អូន នៅ ថ្ងៃទី១៧ មីនា ឆ្នំា២០២៣នេះ  នៅចំណុចភូមិកំប្រ៉ង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ 

សូមបញ្ជាក់ថា,  ហាងលក់ទូរស័ព្ទ មានយីហោ រឿន រ៉ូហ្សា  និងមានម្ចាស់ឈ្មោះ សុខ រឿន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅចំណុចកើតហេតុ ។ 

សមត្ថកិច្ចបានឱ្យដឹងថា, ហាងលក់ទូរស័ព្ទនេះ ត្រូវចោរចូលលួចយកទូរស័ព្ទ ពេលម្ចាស់បិទទ្វារទុកចោល រួចនាំគ្នាទៅចូលរួមពិធីភ្ជាប់ពាក្យបងប្អូន លុះចប់កម្មវិធីត្រឡប់មកដល់ផ្ទះវិញទើបដឹង នៅពេលបើកទ្វារចូលឃើញបាត់ទូរស័ព្ទអស់ពីក្នុងទូ ។ 

បើតាមម្ចាស់ហាងលក់ទូរស័ព្ទនេះ លោក សុខ រឿន បាននិយាយថា នៅថ្ងៃកើតហេតុ គាត់និងក្រុមគ្រួសារបានចេញពីផ្ទះតាំងពីម៉ោង១០ព្រឹក ទៅភ្ជាប់ពាក្យបងប្អូននៅភូមិស្រះទឹកថ្មី ។  រហូតដល់ថ្ងៃរសៀល គាត់ក៏ត្រឡប់មកផ្ទះវិញ តែពេលបើកទ្វារចូលក្នុងផ្ទះ ស្រាប់តែប្រហោងពោះធ្លុង និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារបាត់ទូរស័ព្ទអស់រលីងពីក្នុងទូ ។ ពេលនោះ លោកក៏ទៅមើលទ្វារខាងក្រោយ ស្រាប់តែឃើញមានស្នាមកាត់ស័ង្កសី និងគាស់ទ្វារ ទើបដឹងថា មានចោរចូលលួចទូរស័ព្ទ។ 

សមត្ថកិច្ចបានសាកសួរជនគ្រោះទ្រព្យសម្បត្តិដែលបាត់បង់រួមមានទូរស័ព្ទម៉ាកចម្រុះសរុបចំនួន៦០គ្រឿង ក្នុងនោះ ភាគច្រើនជាទូរស័ព្ទមួយទឹកៗ ។

 ទូរស័ព្ទទាំងនោះមាន ម៉ាក OPPO ពណ៌សនិងខ្មៅចំនួន៤៥គ្រឿង ម៉ាកRealme ពណ៌ក្រហមចំនួន០៥គ្រឿង ម៉ាក ViVo ពណ៌ស្វាយចំនួន១០គ្រឿង និង នៅមានដុំសាកថ្មទូរស័ព្ទមួយចំនួនទៀត។ 

 ក្រោយជនរងគ្រោះផ្ដល់ព័ត៌មាន ដើម្បីសួរនាំជនរងគ្រោះ និង ពិនិត្យទីតាំងកើតហេតុ ។

សមត្ថកិច្ចបានប្រាប់ថា កម្លាំងសមត្ថកិច្ចបានចុះទៅសួរនាំព្រោងព្រាតដល់ទីតាំងកើតហេតុមែន តែរហូតមកដល់ពេលនេះ ភិនភាគ នៃជនសង្ស័យហាក់ស្ងាត់ឈឹងគ្មានតម្រុយណាបន្តិចនៅឡើយទេ ៕

ដោយ ៖ សហការី


ចែករំលែក៖