ខេត្តរតនគិរី៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូក្នុងទិសដៅបញ្រ្ចាសទិសគ្នាបណ្តាលឱ្យមនុស្សម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តនិងអ្នករួមដំណើរម្នាក់រងរបួសស្រាល រីឯអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ភ្លាមៗដែរ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ ៖ ២០នាទីថ្ងៃត្រង់ថ្ងៃទី១៧ខែ មីនាឆ្នាំ២០២៣នៅត្រង់ចំណុចផ្លូវបំបែកជាបួនមុខស្ថានីយប្រេងយើងស្ថិតក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
រថយន្តម៉ាកទីតាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D.4546 អ្នកបើកបរបានចុះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុភ្លាមៗដែរ តែគេបានដឹងថាម្ចាស់រថយន្តឈ្មោះ រ៉ាវី តន្ត្រីសម័យខេត្តរតនគិរី។
ចំណែកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មពាក់ស្លាកលេខ1 AE.2236 រតនគិរី បើកបរដោយឈ្មោះ សេវ អ៊ែល ភេទប្រុសអាយុ៥៦ឆ្នាំ ជនជាតិចារាយ រស់នៅភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវខេត្តរតនគិរីបានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត។
អ្នករួមដំណើរម្នាក់ឈ្មោះ រចំភិម ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិចារាយ រស់នៅភូមិឃុំខាងលើជាមួយគ្នារងរបួសស្រាល។
មូលហេតុ: បណ្តាលមកពីអ្នកបើកបរម៉ូតូបើកប្រជែងឆ្វេងខ្វះការប្រុងប្រយ័ត្ន រេចង្កូតចូលកង់រថយន្តខាងមុខចំហៀងខាងធ្វេងទើបបណ្តាលឱ្យដួលបោកក្បាលបែកស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
វត្ថុតាងម៉ូតូនិងរថយន្តត្រូវបានកម្លាំងចរាចរណ៍យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីបំពេញសំណុំរឿងទៅតាមនីតិវិធី។
សពត្រូវបានប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ជីវ័ន្ត