ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីប្រតិកម្មយ៉ាងខ្លាំងនៅពេលដែលអាល្លឺម៉ង់និយាយថា នឹងចាប់ខ្លួនលោកពូទីន ប្រសិនបើលោកចូលក្នុងទឹកដីរបស់ខ្លួន

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាល្លឺម៉ង់ លោក Marco Buschmann បាននិយាយថា ទីក្រុងប៊ែរឡាំងនឹងអនុវត្តដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ប្រសិនបើលោកដើរលើទឹកដីអាល្លឺម៉ង់ ដែលជំរុញឱ្យទីក្រុងមូស្គូមានប្រតិកម្មតបតវិញយ៉ាងខ្លាំង។

កាលពីថ្ងៃទី ១៩ ខែមីនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាល្លឺម៉ង់ លោក Marco Buschmann បាននិយាយថា ទីក្រុងប៊ែរឡាំងនឹងអនុវត្តដីកាចាប់ខ្លួនដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) សម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ប្រសិនបើលោក ពូទីន បោះជើងចូលក្នុងទឹកដីអាល្លឺម៉ង់ ធ្វើឱ្យទីក្រុងមូស្គូមានប្រតិកម្មខ្លាំងចំពោះសេចក្តីថ្លែងការណ៍នេះ ។
ICC នៅថ្ងៃទី 17 ខែមីនាបានចេញដីកាចាប់ខ្លួនលោកប្រធានាធិបតីពូទីនដោយចោទប្រកាន់គាត់ពីបទឧក្រិដ្ឋកម្មសង្រ្គាម។ ថ្លែងទៅកាន់ Bild am Sonntag (អាល្លឺម៉ង់) លោក Buschmann បាននិយាយថា “ខ្ញុំសង្ឃឹមថា ICC នឹងសហការយ៉ាងឆាប់រហ័សជាមួយអង្គការប៉ូលិសឧក្រិដ្ឋកម្មអន្តរជាតិ Interpol ក៏ដូចជាប្រទេសជាសមាជិក ហើយសុំឱ្យពួកគេអនុវត្តដីកាចាប់ខ្លួន”។
រដ្ឋមន្ត្រីរូបនេះបានបន្ថែមថា “អាល្លឺម៉ង់នឹងមានកាតព្វកិច្ចចាប់ខ្លួនប្រធានាធិបតីពូទីន ប្រសិនបើគាត់ចូលទឹកដីអាល្លឺម៉ង់ ហើយប្រគល់គាត់ទៅឱ្យ ICC”។

ជាការឆ្លើយតប ប្រធានគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី លោក Aleksandr Bastrykin បាននិយាយថា ទីភ្នាក់ងារនេះនឹង “ធ្វើការវាយតម្លៃផ្នែកច្បាប់ជាចាំបាច់ទៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីយុត្តិធម៌អាល្លឺម៉ង់អំពីការចាប់ខ្លួនពលរដ្ឋរុស្ស៊ី” ដែលការអះអាងរបស់ ICC គឺ “ខុសច្បាប់”។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសអាល្លឺម៉ង់ លោក Sergey Nechayev បាននិយាយថា ជំហររបស់ទីក្រុងប៊ែរឡាំង លើបទបញ្ជា ICC “បង្កឱ្យមានការព្រួយបារម្ភខ្លាំង” ។

ការអត្ថាធិប្បាយរបស់លោក Buschmann មិនមែនជាការឆ្លើយតបដំបូងរបស់អាល្លឺម៉ង់ចំពោះដីកាចាប់ខ្លួនរបស់ ICC សម្រាប់លោក Putin នោះទេ។ មុននោះ កាលពីថ្ងៃទី១៨ ខែមីនា អធិការបតីអាល្លឺម៉ង់ Olaf Scholz បានស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់ ICC ដោយនិយាយថា វាបង្ហាញថា “គ្មាននរណាម្នាក់នៅពីលើច្បាប់នោះឡើយ” ៕ ដោយ៖ ធីរីណា

រូបថត៖ Reuters 


ចែករំលែក៖