ព័ត៌មានទាន់ហេតុការណ៍៖

ដោយបារម្ភពីចារកិច្ចរបស់លោកខាងលិច វិមានក្រឹមឡាំង ប្រាប់មន្ត្រីរបស់ខ្លួនឱ្យបញ្ឈប់ប្រើប្រាស់ទូរស័ព្ទ iPhone

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលប្រធានាធិបតីរុស្ស៊ីនៅថ្ងៃចន្ទនេះ បានស្នើឱ្យមន្ត្រីឱ្យឈប់ប្រើប្រាស់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple ដោយសារតែការព្រួយបារម្ភថា ឧបករណ៍ទាំងនេះងាយរងគ្រោះដោយភ្នាក់ងារស៊ើបការណ៍លោកខាងលិច។
នៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយវិមានក្រឹមឡាំងសម្រាប់មន្ត្រីពាក់ព័ន្ធនឹងគោលនយោបាយក្នុងស្រុក លោក Sergei Kiriyenko អនុប្រធានទីមួយនៃរដ្ឋបាលប្រធានាធិបតីបានសុំឱ្យមន្ត្រីផ្លាស់ប្តូរទូរស័ព្ទរបស់ពួកគេត្រឹមថ្ងៃទី០១ ខែមេសា។
កាសែត Kommersant បានដកស្រង់សម្តីអ្នកចូលរួមក្នុងកិច្ចប្រជុំមួយរូបដែលបាននិយាយថា «អ្វីគ្រប់យ៉ាងគឺចប់ហើយ សម្រាប់ iPhone។ បោះវាចោល ឬប្រគល់វាទៅឱ្យក្មេងៗ។ អ្នករាល់គ្នានឹងត្រូវធ្វើវានៅខែមីនានេះ»។
ប្រភពដដែលនេះបានគូសបញ្ជាក់ថា វិមានក្រឹមឡាំងអាចនឹងផ្តល់ឧបករណ៍ផ្សេងទៀតជាមួយនឹងប្រព័ន្ធប្រតិបត្តិការផ្សេងគ្នាដើម្បីជំនួសទូរស័ព្ទ iPhone ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកមិនអាចបញ្ជាក់របាយការណ៍នេះបានទេ ដោយគូសបញ្ជាក់ថាស្មាតហ្វូនមិនអាចប្រើប្រាស់សម្រាប់គោលបំណងផ្លូវការណាមួយឡើយ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Apple មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះទេ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ TTXVN


ចែករំលែក៖