ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូចេញពីបើកលុយកន្លែងធ្វើការត្រឡប់ទៅផ្ទះវិញ មិនប្រយ័ត្នក៏ជ្រុលទៅបុកខឿនផ្លូវបណ្ដាលឱ្យដួលខ្ទាតទៅលើចិញ្ចើមផ្លូវ បោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង ៣០នាទីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ចន្លោះស្ពានទី១០ទី១១ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះរឹម ពៅ អាយុ២៧ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1H-4693 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុពុំដឹងថាមានបញ្ហាអ្វីនោះទេបានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកខឿនផ្លូវពេញទំហឹងបណ្ដាលឱ្យដួលផ្លោងជនរងគ្រោះទៅលើចិញ្ចើមផ្លូវបោកក្បាលស្លាប់នៅនឹងកន្លែង ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្ថិ៍នគបាលរដ្ឋបាលសង្កាត់បាក់ខែង បានចុះមកដល់ពិនិត្យរួចក៏បានទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកធ្វើកំណត់ហេតុយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា។ បន្ទប់មកធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕
ដោយ៖ ជ្រោយពេជ្រ