ខេត្តកំពង់ឆ្នាំង៖ រថយន្ត TOYOTA ALPHARD មួយគ្រឿងដែលបើកបរដោយជនជាតិចិនបានបុកអ្នកជិះម៉ូតូម្នាក់ដែលកំពុងធ្វើដំណើរតាមដងផ្លូវបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងម៉ោង៥និង៣០នាទីថ្ងៃទី២១ ខែមីនាឆ្នាំ២០២៣ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៥និង១២៦ ស្ថិតនៅក្នុងភូមិតាប៉ាង ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង៊។
នគរបាលចរាចរណ៍ស្រុកបរិបូរណ៍បានឱ្យដឹងថា ជនរងគ្រោះដែលរត្រូវរថយន្តរបស់ជនជាតិចិនបុកនេះបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់នេះឈ្មោះ ណម ម៉ាន់ស៊ីម ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិព្រៃតាមូង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ(ស្លាប់)ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ តាកែវ 1V- 3311 ក្នុងទិសដៅពីកំពង់ឆ្នាំងទៅខេត្តពោធិ៍សាត់ដើម្បីទៅមើលប្រពន្ធឆ្លងទន្លេនៅឯខេត្តពោធិ៍សាត់ ។ ចំពោះអ្នកបើកបររថយន្តជាជនបង្កពុំទាន់បានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថាជាជនជាតិចិន ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅពេលកើតហេតុ មានរថយន្តរមួយគ្រឿងម៉ាក TOYOTA ALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២BT.៩១៨៨ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ រថយន្តរបស់ជនជាតិចិនបានជ្រុលទៅបុកអ្នកជិះម៉ូតូពេញមួយទំហឹងបង្កឱ្យស្លាប់ភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែមធ្យោបាយបង្កត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕
ដោយ ៖ ចន្ថា