ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានមនុស្សចំនួន៤នាក់បានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍៣ករណីផ្សេងគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៥ កាលពីថ្ងៃម្សិលម៉ិញ ថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ ។
យោងរបាយការណ៍នគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកាន នៅភូមអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងអ្នកជិះម៉ូតូឌុបគ្នាបានជ្រុលបុករថយន្តម៉ាក ឡិចស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L 8722 ខណៈកំពុងចតនៅលើចិញ្ចើមផ្លូវដើម្បីបត់ជើងតូច ក្នុងទិសដៅពីលិចទៅកើត បណ្ដាលឲ្យភាគីជិះម៉ូតូរងរបួស(ធ្ងន់)ចំនួន២នាក់ ។
ចំណែករបាយការណ៍នគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរឯនេះវិញ នៅភូមត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ ដោយអ្នកបើកបររថយន្តម៉ាក FORD រេចង្កូតជ្រុលបុករថយន្តម៉ាក HIGHLANDER ដែលកំពុងធ្វើចរាចរណ៍ច្រាសទិសគ្នា បណ្ដាលឲ្យខូចខាតរថយន្ត២គ្រឿង រងរបួសមនុស្សម្នាក់ បច្ចុប្បន្ន មន្ត្រីនគរបាលជំនាញចរាចរណ៍កំពុងបន្តនីតិវិធី ។
ដោយឡែក បើយោងប្រភពមួយនៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងម្ដងដែរ ដោយបុរសម្នាក់ជិះម៉ូតូ១គ្រឿងបានដួលបោកផ្ទប់ទៅថ្នល់ បណ្ដាលឲ្យរងរបួសសន្លប់ស្ដូកស្ដឹងនៅលើថ្នល់ ៕
ដោយ៖ ប៉ឹម ពិន