ខេត្តកំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺបានស្នើសុំឱ្យកម្មករ កម្មការិនីបញ្ឈប់ការចោលសំរាមពាសវាលពាសកាលដើម្បីជួយលើកកម្ពស់មុខមាត់និងសោភណភាពខេត្តស៊ីវិល័យ។ សំណូមពរនេះធ្វើឡើងក្នុងជំនួបសាកសួរសុខទុក្ខនិងចែកម្សៅទឹកដោះគោដល់ស្រ្តីជាកម្មការិនីរោងចក្រស៊ីគ្លូដែលទើបសម្រាលកូនរួច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ ជាការលើកឡើងរបស់អង្គភាពមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ គោរពរាយការណ៍លោករដ្ឋមន្ត្រីក្រសួងព័ត៌មាននៅរសៀលថ្ងៃនេះ។
លោក វ៉ី សំណាង បានលើកឡើងថា ខេត្តកំពង់ស្ពឺត្រូវបានគេផ្តល់រហស្សនាមថាជាខេត្តស៊ីវិល័យ ក្រោយពីខេត្តនេះបានរងការរិះគន់អស់ជាច្រើនឆ្នាំថាជាខេត្តក្រីក្រ គ្មានទ្រព្យធន។ តែដោយសក្តានុពលនៃខេត្តនិងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ធ្វើឱ្យអ្នកវិនិយោគទុនបានដាក់ទុនរកស៊ីនៅក្នុងខេត្តនេះ ហើយផ្តល់ឱកាសការងារដល់កូនក្មួយប្រមាណជាង១៥ម៉ឺននាក់ ហើយតាមរយៈឱកាសការងារនេះដែរបានធ្វើឱ្យជីវភាពក្រុមគ្រួសាររបស់កូនក្មួយមានភាពប្រសើរឡើងជាលំដាប់។ មិនតែប៉ុណ្ណោះទៀតសោតដីធ្លីរបស់បងប្អូន កូនក្មួយក៏មានតម្លៃផងដែរ។
ជាមួយនឹងការលើកឡើងនេះដែរអភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង ក៏បានស្នើសុំឱ្យបងប្អូនបញ្ឈប់ការចោលសំរាមពាសវាលពាសកាលដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខមាត់និងបរិស្ថានខេត្ត ពិសេសប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលគេមកលេងរមណីយដ្ឋានដ៏សំបូរបែបក្នុងខេត្តយើង។មួយវិញទៀតខេត្តកំពង់ស្ពឺក៏ទើបនឹងទទួលបានផ្ការំដួលពីរទងជាទីក្រុងស្អាតផងដែរ។ បើម្នាក់ចោលសំរាមឬថង់មួយនៅទីសាធារណៈ ចុះកម្មករ កម្មការិនីជាង១៥ម៉ឺននាក់តើសំរាមនឹងកើនឡើងកម្រិតណាក្នុងមួយថ្ងៃ យើងកុំពឹងផ្អែកលើតែអ្នកបោសឬប្រមូលសំរាម យើងគួរនាំគ្នាចូលរួមគិតគូរលើបញ្ហានេះទាំងអស់គ្នា ដើម្បីលើកកម្ពស់មុខមាត់ខេត្តយើង ព្រោះថាបញ្ហាសំរាមមិនមែនជាកាតព្វកិច្ចនរណាម្នាក់នោះទេ និយាយរួមគឺផ្តើមចេញពីយើងទាំងអស់គ្នា៕
ដោយ ៖ សហការី