ភ្នំពេញ ៖ ក្រុមប្រឹក្សាលើកតម្កើងហ្វ្រង់កូហ្វូនីនៅ កម្ពុជា (CPFC) នឹងរៀបចំមហាសន្និបាតលើកទី៦ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីភាពរបស់ លោក បណ្ឌិត ឈីវ យីស៊ាង) រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកសម្រប សម្រួលថ្នាក់ជាតិអមអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ។ មហាសន្និបាតនេះ នឹងមានការចូលរួមរបស់ តំណាងមកពីស្ថាប័នជាសមាជិកក្រុមប្រឹក្សា CPFC ស្ថានទូតហ្វ្រង់កូហ្វូននៅកម្ពុជា គ្រឹះស្ថាន ឧត្តមសិក្សា សង្គមស៊ីវិល វិស័យឯកជន សារព័ត៌មាន និងអង្គភាពហ្វ្រង់កូហ្វូន។ល។
កិច្ចប្រជុំនេះនឹងផ្តោតទៅលើប្រធានបទសំខាន់ៗមួយចំនួន ដូចជា (១) ការបង្ហាញសង្ខេប ពីព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនីនៅកម្ពុជា និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងឆ្នាំ២០២២, (២) ការបង្ហាញ លទ្ធផលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៨ នៅទុយនីស៊ី, (៣) កិច្ចពិភាក្សាលើព្រឹត្តិការណ៍ ហ្វ្រង់កូហ្វូនីដែលនឹងត្រូវរៀបចំក្នុងឆ្នាំ២០២៣ និងការរៀបចំផែនទីចង្អុលផ្លូវ ឆ្នាំ២០២៣ និងជា ចុងក្រោយ (៤) ការធ្វើបច្ចុប្បន្នភាពលក្ខន្តិកៈ CPFC និងការបន្ថែមសមាជិកថ្មី។
សូមគូសបញ្ជាក់ថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅ ស្របពេលនឹងទស្សនកិច្ចលើកដំបូងរបស់ លោក Edgar DOERIG តំណាងតំបន់ថ្មីរបស់អង្គការ OIF នៅអាស៊ី-ប៉ាស៊ីហ្វិក ដែលទើបនឹង ចូលកាន់តំណែងនៅពាក់កណ្ដាលខែមីនានេះ។ អ្នកចូលរួមមួយចំនួននឹងត្រូវបានអញ្ជើញឲ្យធ្វើបទ បង្ហាញអំពីវិស័យការងាររបស់ស្ថាប័នរៀងៗខ្លួនរបស់ពួកគេ ព្រមទាំងសកម្មភាពនានាដែលបាននិង កំពុងអនុវត្តនៅក្នុងក្របខណ្ឌនៃការលើកតម្កើងហ្វ្រង់កូហ្វូនី នៅកម្ពុជា និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
បន្ទាប់ពីមហាសន្និបាតលើកទី៦ ពិធីជប់លៀងនឹងរៀបចំឡើង នៅភោជនីយដ្ឋាន (Villa 5 Contemporary Cuisine ចាប់ពីម៉ោង១៨ម៉៣០ ដើម្បីអបអរទិវាអន្តរជាតិហ្វ្រង់កូហ្វូនីឆ្នាំ២០២៣ ជុំវិញប្រធានបទ “321 millions de francophones, des milliards de contenus culturels”៕
ដោយ ៖ សិលា