ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការនគរបាលខេត្តព្រៃវែង ដាក់បទបញ្ជាឱ្យគ្រប់អធិការដ្ឋានក្រុង-ស្រុក និងគ្រប់ប៉ុស្តិ៍រដ្ឋបាលទាំងអស់ ពេលឃាត់ខ្លួនក្មេងទំនើងបង្កហិង្សាបាន មិនត្រូវអប់រំទៀតនោះទេ

ចែករំលែក៖

ខេត្តព្រៃវែង៖ លោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៣ ម្សិលមុិញ បានដាក់បទបញ្ជាឱ្យគ្រប់អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ នៅពេលចាប់ឃាត់ខ្លួនក្មេងទំនើងដែលបង្កហិង្សាបាន គឺមិនត្រូវប្រើវិធានការអប់រំណែនាំទៀតនោះទេ ដាច់ខាតត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ដោយអនុវត្តចាប់ពីថ្ងៃនេះតទៅ ។

ជាមួយគ្នានោះ លោក ឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំដល់គ្រប់អធិការដ្ឋានក្រុង-ស្រុក និងគ្រប់ប៉ុស្តិ៍រដ្ឋបាលនគរបាល ត្រូវប្រកាសព័ត៌មាននេះ ដល់គ្រប់ច្រកល្ហកទូទាំងខេត្តព្រៃវែង ដើម្បីឱ្យយុវជនទាំងអស់បានដឹង ភ្ញាក់ខ្លួន និងខិតខំប្រឹងប្រែងរៀនសូត្រឡើងវិញ ហើយឈប់ឱ្យមានអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន ឬ ប្រព្រឹត្តិអំពើល្មើសច្បាប់ផ្សេងៗបន្តទៅទៀត ។

សូមបញ្ជាក់ថា, កន្លងទៅ លោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដឹកនាំកម្លាំងបង្ក្រាបឃាត់ខ្លួន ក្មេងគបើកញ្ចក់រថយន្ត លោក បានធ្វើការណែនាំ ដោយសុំគោលការណ៍អនុញ្ញាត ពី លោកអភិបាលខេត្ត លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត មិនទាន់បញ្ជូនទៅតុលាការ ដើម្បីអប់រំសិន ដូច្នេះជាដំបូង អប់រំ សំណងការខូចខាតដល់ម្ចាស់រថយន្ត និងពិន័យ អោយធ្វើអនាម័យ នៅកន្លែងស្នងការដ្ឋាននគរបាលខេត្ត រយះពេល១ខែ នៅដេកកន្លែងស្នងការដ្ឋាននគរបាលខេត្ត ក៏បាន ទៅផ្ទះក៏បាន ។ ដល់ពេលនេះ លោក ឈប់អនុវត្ត វិធានការ អប់រំ គឺឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕


ដោយ ៖ សហការី


ចែករំលែក៖