ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ប្រមាណជាង ៤ពាន់នាក់

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក​ថ្ងៃ​ពុធ​ទី​២២​ ខែមីនា​ ឆ្នាំ​២០២៣​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​ នាឱកាស​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤.៧០៥ នាក់ ក្នុងនោះមានកម្រិតបរិញ្ញាបត្ររង និង កម្រិតបរិញ្ញាបត្រ។ ពិធីនេះ ត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ។

ខាងក្រោមនេះ​ជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​៖

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់និស្សិតដែលបញ្ចប់ការសិក្សា ត្រូវបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីសិក្សាស្វែងយល់បន្ថែមទៀត បង្កើនចំណេះដឹង និងសមត្ថភាពរបស់ខ្លួន ដោយមិនត្រូវ​ធ្វេសប្រហែស​ឡើយ។​ សម្ដេចតេជោ បន្តបញ្ជាក់ថា ការសម្រេចចិត្តរបស់សម្ដេចគឺពិតជាត្រឹមត្រូវ ដែលបានបើកឱកាសឱ្យវិស័យឯកជនចូលរួមក្នុងវិស័យអប់រំ ចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ឧត្ដមសិក្សា ដើម្បីអាចឱ្យសិស្ស និស្សិតអាចជ្រើសរើសគ្រឹះស្ថានឧត្ដមសិក្សាក្នុងការសិក្សារបស់ពួកគេ ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នាពេលខាងមុខនេះ នឹងមានគ្រឹះស្ថានឧត្ដមសិក្សាបរទេសមួយចំនួនទៀត នឹងមកបើកដំណើការនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន  បញ្ជាក់ថា «យើងកុំធ្វើអ្នកខ្លាំងក្នុងចំណោមអ្នកខ្សោយ គឺត្រូវធ្វើជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំង ស្របពេលដែលសម័យនេះ គឺជាសម័យកាលប្រកួតប្រជែង មិនមែនជាសម័យកាលផ្ដួលរំលំដៃគូនោះទេ»។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសចូលរួមសម្តែងក្តីរីករាយ និងអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ នៃវិទ្យាស្ថានវ៉ាន់ដា ដែលជាធនធានមនុស្សមិនអាចខ្វះបាននៅក្នុងសង្គម ជាពិសេសតម្រូវការជំនាញ នៃគ្រឹះស្ថានការងារតាមស្ថាប័ននានា។

សម្តេចតេជោ  បានប្រកាសថា និស្សិតវិទ្យាស្ថានវ៉ាន់ដា ដែលបណ្តុះបណ្តាលជំនាញផ្នែកគណនេយ្យ គឺស្ទើរតែទាំងស្រុងជាស្ត្រី។

សម្ដេចតេជោ ហ៊ុន សែន បន្តរម្លឹកឡើងវិញដល់ក្រសួងស្ថាប័នឱ្យមានការជំរុញការជ្រើសរើសស្ដ្រីចូលបម្រើការងារនៅក្នុងក្របខណ្ឌមន្រ្ដីរាជការ ជាពិសេសអាចឱ្យស្រ្ដីចូលកាន់តំណែងនៅតួនាទីរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការរបស់ក្រសួង,ស្ថាប័ន នីមួយៗ។

សម្ដេចតេជោ បានបញ្ជាក់ថា ទាក់ទងនឹងការជ្រើសរើសស្រ្ដីឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌរដ្ឋនេះ សម្ដេចតេជោ ក៏ធ្លាប់បានពិភាក្សាជាមួយសម្ដេចក្រឡាហោម ស ខេង លើការធ្វើវិសោធនកម្មច្បាប់លើការងារនេះដែរ ដើម្បីបង្កើនចំនួនស្រ្ដីចូលបម្រើការងារនៅក្នុងក្របខណ្ឌរដ្ឋទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឃើញធនាគារអាម៉េរិកដួល កុំបន់ស្រន់ឱ្យអាម៉េរិកខ្សោយផ្នែកសេដ្ឋកិច្ចឱ្យសោះ។ សម្តេចបញ្ជាក់ថា «ប្រទេសនីមួយៗត្រូវពឹងអាស្រ័យគ្នាទៅវិញ ព្រោះអាម៉េរិកជាក្បាលរថភ្លើង នៃកំណើនសេដ្ឋកិច្ចភពលោក»។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាធ្លាប់បានទទួលទេសចរចិនមុនកូវីដ-១៩ ជាង ២លាននាក់ ហើយក្នុងដំណើទស្សនកិច្ចសម្ដេចតេជោទៅចិន តាមរយៈជំនួបជាមួយប្រធានាធិបតីចិន ក៏បានពិភាក្សាបើកច្រកទេសចរណ៍ចិនមកកាន់កម្ពុជាបន្ថែមទៀតឱ្យបានប្រមាណ ១ សប្ដាហ៍ ៣០០ ជើងហោះហើរ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ភាពអភិរក្សនិយមជ្រុលហួសហេតុ ជាកត្តារាំងស្ទះដល់ដំណើរការ នៃការរីកចម្រើន។ សម្តេចបញ្ជាក់ថា «កុំឱ្យពន្លកនៃការរីកចម្រើន បែរជាត្រូវរាំងស្ទះដោយគំនិតអភិរក្សនិយមជ្រុល»។

សម្ដេចតេជោ បន្តជំរុញឱ្យទាំងអស់គ្នាបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងលើកកម្ពស់សមត្ថភាពរបស់ខ្លួន ដើម្បីកុំឱ្យក្លាយទៅជាពួកក្រុមអភិរក្សនិយម។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រុមមន្រ្ដីធំៗ ក៏ត្រូវប្រឹងរៀនសូត្របន្ថែមដែរ មិនអាចនឹងមិនរៀនហើយបែរជាទៅធ្វើជាឧបសគ្គរាំងស្ទះដល់ក្មេងៗដែលទទួលបានការបណ្ដុះបណ្ដាលនោះទេ។ 

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម័យនេះ ក៏ជាសម័យកាលនៃការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចក្នុងតំបន់ និងភិពលោកក៏ដូចគ្នា។ ដូច្នេះដំណាក់កាលនេះ ជាដំណាក់កាលប្រកួតប្រជែង ប៉ុន្ដែសូមកុំប្រកួតប្រជែងដើម្បីសម្លាប់គ្នា ប៉ុន្ដែសូមប្រកួតប្រជែងដើម្បីការលូតលាស់ទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន  សែន ប្រកាសដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប សូមកុំស្លន់ស្លោពាក់ព័ន្ធការដួលរលំ នៃធនាគារអាម៉េរិក។ សម្តេចអំពាវនាវថា «កុំឃើញធនាគារនៅអាម៉េរិកប៉ុន្មានដួលរលំ បែរជានាំគ្នាទៅដកប្រាក់នៅធនគារក្នុងស្រុក នាំឱ្យធនាគារក្នុងស្រុកខ្លួនឯងដួលរលំនោះ…[]»។

សម្ដេចតេជោ ហ៊ុន សែន បន្តបញ្ជាក់ថា ធនាគារអាម៉េរិកមានរាប់រយធនាគារ ដូច្នេះកុំទៅភ័យដែលគ្រាន់តែធនាគាររបស់អាម៉េរិក២ មានការដួលរលំនោះ។​ សម្ដេចតេជោ  បានបញ្ជាក់ថា សម័យនេះពិភពលោកប្រកបដោយភាពប្រកួតប្រជែង ប៉ុន្ដែសូមប្រកួតប្រជែងប្រកបដោយភាពឈ្នះឈ្នះទាំងអស់គ្នា ទើបជាភាពរីកច្រើនពិតប្រាកដ៕

ដោយ៖ ស​ តារា


ចែករំលែក៖