ខេត្តព្រះសីហនុ៖ ដេីម្បីការពារសុខសុវត្តិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ នៅក្នុងភូមិសាស្ត្រក្រុងកោះរ៉ុង និងកោះរ៉ុងសន្លឹម នៅថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម បានចុះសម្រង់ស្ថិតិអាជីវកម្ម បុគ្គលិកបំរើការងារ ក្នុងមូលដ្ឋាន ស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ជាមួយគ្នានោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុង បានចុះផ្សព្វផ្សាយប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ជូនដល់ បឹងហ្គាឡូ រីសត ក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ សរុបបានចំនួន១១ទីតាំង។
បន្ថែមពីនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុង និងកោះរ៉ុងសន្លឹម បានចេញល្បាតការពារ សុខសុវត្តិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ នៅក្នុងភូមិសាស្ត្រក្រុងកោះរ៉ុងផងដែរ។
សូមជម្រាបថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះដែរ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានចុះរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹងអ្នកបើកបរយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ត្រួតពិនិត្យល្បឿន និងត្រួតពិនិត្យរកសារធាតុញៀនអ្នកបើកបររថយន្ត ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងជាយថាហេតុ នៅលើកំណាត់ផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ២២០ ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ៕
ដោយ៖សហការី