ព័ត៌មានទាន់ហេតុការណ៍៖

បុរស០២នាក់ប្រើឧបករណ៍ឆក់ត្រីមិនប្រយ័ត្នឆ្លងចរន្តឆក់ខ្លួនឯងស្លាប់

ចែករំលែក៖

ខេត្តក្រចេះ ៖ មនុស្ស០២នាក់បានស្លាប់នៅក្នុងទឹកអូរដោយសារប្រើប្រាស់ឧបករណ៍ឆក់ត្រី មិនប្រយ័ត្នបណ្ដាលឱ្យឆ្លងចរន្ដអគ្គិសនីឆក់ខ្លួនឯងស្លាប់តែម្តងហើយ ត្រូវបានក្រុមគ្រួសារដើររកក៏ប្រទះឃើញសាកសពក្រោយបាត់ខ្លួនមួយថ្ងៃ។

ការប្រទះឃើញនាវេលាម៉ោង ៨ព្រឹក ថ្ងៃទី២២ ខែមីនាឆ្នាំ២០២៣ ត្រង់ចំណុចអូរសន្ទះ ភូមិអូរទេវតា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។

ប្រភពពីនគរបាលស្រុកឆ្លូងបានឱ្យដឹងថា ជនរងគ្រោះទាំង០២នាក់នៅថ្ងៃ២១ខែមីនា ឆ្នាំ២០២៣វេលាម៉ោងប្រហែល១២ថ្ងៃត្រង់អ្នកទាំងពីរបាននាំគ្នាទៅឆក់ត្រីនៅចំណុចខាងលើ តែមិនឃើញត្រឡប់មកផ្ទះទេហើយក៏ពុំមានអ្នកណាដឹងថាឆ្លងចរន្តឧបកណ៍នោះឆក់ស្លាប់ដែរ។

ប្រភពបន្តថាបាត់ខ្លួនមួយយប់លុះព្រឹកឡើងក្រុមគ្រួសារនាំគ្នាដើររកក៏ប្រទះឃើញស្លាប់នៅក្នុងទឹកអូរកន្លែងកើតហេតុនោះតែម្តងខណៈនោះគេឃើញដៃជនរងគ្រោះមានកាន់ជាប់ឧបករណ៍សំរាប់ឆក់ត្រីផងដែរ។

ជនរងគ្រោះមានឈ្មោះ ទី១ .ឈ្មោះ ថោង វុត្ថារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិថ្មីទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។

 ទី២ ឈ្មោះ សឿន ស៊ីថុន ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅភូមិអូរទេវតា ឃុំកពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

 ក្នុងករណីប្រទះឃើញសាកសពស្លាប់ក្នុងទឹកខាងលើនេះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកឆ្លូងសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ដំរី ចុះដល់កន្លែងកើតហេតុពិនិត្យសាកសព ហើយសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ត្រីឆ្លងចរន្តភ្លើងឆក់ខ្លួនឯង ពិតប្រាកដមែន ។

ក្រោយការពិនិត្យនិងធ្វើកោសលស្យវិច័យរួចរាល់ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖