ភ្នំពេញ៖ គេចាត់ទុកថាជារឿងដ៏កម្រដែលកើតមានឡើងក្នុងចង្កោមអ្នកសិល្បៈគឺក្រោយពីតារាចម្រៀង សំ សុវណ្ណារ៉ាក់ ត្រូវឪពុកប្រកាសកាត់កាល់ ព្រោះតែការជេរប្រមាថនិងមិនស្តាប់ដំបូន្មាន។ ការប្រកាសនេះបានធ្វើឱ្យអ្នកគាំទ្រតារាចម្រៀងរូបនេះបារម្ភពីសុខទុក្ខ និងខ្លាចប៉ះពាល់ដល់ប្រជាប្រិយភាពផងដែរ។
ការប្រកាសរបស់លោក សំ សំអុល ជាឪពុកតារាចម្រៀងរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការតាមដានយ៉ាងយកចិត្តទុកដាក់ព្រោះតែជារឿងកម្រដែលធ្លាប់កើតមានលើអ្នកសិល្បៈ ខណៈដែលគេដឹងថាឪពុកម្តាយកម្រនឹងចិត្តដាច់កាត់កាល់កូនខ្លួនឯងចោលណាស់ក្នុងសង្គមខ្មែរ ហើយមកប៉ះលើសិល្បករថែមទៀត។
មុននេះមានហ្វេសប៊ុកមួយឈ្មោះ Sam Samol ដែលត្រូវជាឪពុកបង្កើតរបស់តារាចម្រៀង សំ សុវណ្ណារ៉ាក់បានប្រកាសកាត់កាល់កូនខ្លួនឯងចោល។ គណនីនេះបានបញ្ចេញសារក្តៅៗនៅមុននេះថា “ខ្ញុំបាទ សំ សំអុល សូម ប្រកាសកាត់កាល់ជាសាធារណៈកូនម្នាក់នេះចោល ចាប់ពីពេលនេះតទៅ ហើយក៏ឈប់ទទួលស្គាល់ជាកូនផងដែរ ដោយសារកូននេះមិនស្តាប់បង្គាប់ម៉ែឪ ជេរប្រមាថម៉ែឪ បើថ្ងៃក្រោយកូននេះមានរឿងអី ទៅប្រព្រឹត្តខុសច្បាប់ ខ្ញុំជាអាណាព្យាលមិនទទួលខុសត្រូវចំពោះមុខច្បាប់ទ្បើយ ថ្ងៃ ទី 22/03/2023”។ មុននេះលោកក៏បានបញ្ជាក់ដែរថា “ សូមអោយក្រុមគ្រួសារដែលជាសាច់ញាតិនៅខាងស្រុកឈូក ខេត្តកំពត ឈប់ទទួលស្គាល់ជាកូនចៅតទៅទៀត វាមិនមែនជាត្រកូលសំ ទៀតទ្បើយ។ ក្រៅពីការបញ្ចេញសារដ៏ភ្ញាក់ផ្អើលនេះហើយ ឪពុករបស់តារារូបនេះបានទម្លាយ រូបភាពជាច្រើនសន្លឹក ថតជុំជាមួយគ្នាលក្ខណៈគ្រួសារតាំងពីនៅតូចមកម្ល៉េះ។ យ៉ាងណាក៏ដោយជុំវិញរឿងដ៏រសើបនេះយើងមិនអាចទាន់សុំការបកស្រាយពីតារាចម្រៀង លោក សំ សុវណ្ណារ៉ាក់ បាននៅឡើយទេ ថាពីក្រោយរឿងនេះមានរឿងអ្វីបានដល់ថ្នាក់ឪពុករបស់ខ្លួនប្រកាសកាត់កាល់ចោលខ្លួនបែបនេះ។ ប៉ុន្តែជារឿងកម្រដែលកើតមានឡើងក្នុងសង្គមខ្មែរព្រោះតែមនោសញ្ចេតនាម្តាយឪពុកកម្រនឹងដាច់ចិត្តលែងទទួលស្គាល់កូនខ្លួនឯងណាស់ ហើយគេនៅបន្តរង់ចាំតាមដានទៀតថា តើករណីនេះនឹងមានអ្វីជាបន្ត។
គួរបញ្ជាក់ដែរថា តារាចម្រៀង សំ សុវណ្ណារ៉ាក់ត្រូវបានទស្សនិកជនស្គាល់ច្បាស់ក្រោយពីលោកបានក្លាយជាបេក្ខភាពលេចធ្លោក្នុងកម្មវិធីប្រលង ចម្រៀង X Factor Cambodia និងក្រោយបញ្ចប់ការប្រលងមកលោកក៏បានក្លាយជាជាតារាចម្រៀងអាជីពកុងត្រាជាមួយផលិតហង្សមាស ៕
ដោយ ៖ វឌ្ឍនា