ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ជា​ សុមេធី ​៖​ ខេត្តព្រៃវែង ជាប់ចំណាត់ថា្នក់លេខ១ បីឆ្នាំជាប់គ្នា លើការផលិតស្រូវបានច្រើនជាងគេនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ អភិបាលខេត្តព្រៃវែង លោក ជា សុមេធី បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តព្រៃវែង​ យ៉ាងដូច្នេះ​ថា៖ ខេត្តព្រៃវែង ទទួលបានចំណាត់ថា្នក់ លេខ១ បីឆ្នាំជាប់គ្នា លើការផលិតស្រូវបានច្រើនជាងគេនៅកម្ពុជា ដោយសារតែស្ថានភាពភូមិសាស្រ្ត មានអំណោយផលល្អ មានស្ទឹង ទន្លេ និងប្រព័ន្ធស្រោចស្រព និងភាពឧស្សាហ៍ព្យាយាមរបស់ប្រជាកសិករ។​ ការថ្លែងបែបនេះ​របស់​លោក ជា សុមេធី បានធ្វេីឡេីង​កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការគណៈរដ្ឋមន្ត្រី។ 

នាឱកាស​នោះ​ លោកអភិបាលខេត្ត​ បានគូសបញ្ជាក់ថា​៖​ ខេត្តព្រៃវែង ជាខេត្តដែលជាប់លំដាប់ថ្នាក់លេខមួយ លើការផលិតស្រូវច្រើនជាងគេ នៅកម្ពុជាចំនួន ៣ឆ្នាំជាប់គ្នា ដែលជាមធ្យមផលិតបានជាង ១លានតោនក្នុងមួយឆ្នាំ ហើយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ខេត្តរកចំណូលបានពីការនាំចេញស្រូវប្រមាណជាង ១ពាន់លានដុល្លារ។

លោក​ ជា​ សុមេធី​ បានថ្លែងបញ្ជាក់បន្ថែមថា ខេត្តព្រៃវែងមានផ្ទៃដីដាំដុះសរុបចំនួន៣៣៧.០០០ហិកតា ក្នុងនោះផ្ទៃដីដាំដុះស្រូវ វស្សាចំនួន២៥០.០០០ហិកតា ក្នុងនោះផ្ទៃដីដាំដុះស្រូវប្រាំងមានចំនួន៧៥.០០០ ហិកតា និងផ្ទៃដីដាំដុះ ដំណាំរួមផ្សំផ្សេងៗចំនួន១២.០០០ហិកតា។

បន្ថែមពីនេះ​ លោក ជា សុមេធី បានសង្កត់ធ្ងន់ថា ខេត្តព្រៃវែងជាមាត់ច្រកសម្រាប់នាំចេញស្រូវ និងផ្លែស្វាយ ទៅប្រទេសជិតខាងកម្ពុជា ក្នុងនោះបាននាំចេញស្រូវសរុបចំនួន ១.២២១.៩៨៨តោន ទទួលបាន ចំណូលសរុប ៣១១,៦០លានដុល្លារ បាននាំចេញផ្លែស្វាយសរុបចំនួន ៩៣.៣០០តោន ទទួលបាន ចំណូលសរុប ១៩,៥៩លានដុល្លារ។ ចំពោះការងារផលិតកម្មដំណាំរួមផ្សំ ក្នុងរយៈពេល៥ឆ្នាំ ខេត្តបានបង្កើតឱ្យមានសហគមន៍ផលិតបន្លែ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត ក្រៅខេត្ត និងរាជធានីភ្នំពេញ ដែលផលិតបន្លែបានសម្រាប់លក់ទៅកាន់ទីផ្សារប្រមាណជាង ៣ម៉ឺនតោន គិតជាមធ្យម ១៥ទៅ២០តោន ក្នុង១ថ្ងៃ។

គួរបញ្ជាក់ថា ខេត្ដព្រៃវែង ស្ថិតនៅតំបន់វាលរាប និងវាលទំនាបត្រើយខាងកើតទន្លេមេគង្គ គឺជាខេត្តមាន សក្តានុពលខ្ពស់លើវិស័យកសិកម្ម ពិសេសដំណាំស្រូវ ដោយមានគ្រួសារប្រជាពលរដ្ឋប្រមាណ៧៨% ជាអ្នកប្រកបរបរកសិកម្មជាចម្បង។ ខេត្តព្រៃវែងមានប្រព័ន្ធធារាសាស្ត្រសរុបចំនួន ១៧៧កន្លែង មានខ្នាត ធំ៤កន្លែង មធ្យម១១១កន្លែង និងខ្នាតតូច៦២កន្លែង។ អាចផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីស្រែ សរុប ចំនួន ១៣៧.៣៣៤ហិកតា៕

ដោយ​៖ សហការី​


ចែករំលែក៖