ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបីគ្រឿងបុកបន្តគ្នាគាបជាប់តៃកុងនៅក្នុងកាប៊ីននាក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍បុកបន្តគ្នារវាងរថយន្តធុនធំពីរគ្រឿងនិងរថយន្តតូចមួយគ្រឿងបណ្ដាលឱ្យភាគីរថយន្តធំដឹកស៊ីម៉ងត៍ ពណ៌ស គាបជាប់អ្នកបើកបរក្នុងកាប៊ីន រងរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៣ ខែមីនាឆ្នាំ២០២៣នេះ។

   បើតាមនគរបាលចរាចរណ៍នៃអធិការដ្ឋានក្រុងប៉ោយប៉ែតបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ដោយសាររថយន្តធុនធំដឹកស៊ីម៉ងត៍បើកបរពីលិចទៅកើតទៅបុករថយន្តស្តារិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញAP-១៦០៨ ដែលឈប់ចតខាងឆ្វេងនៃផ្លូវអាទិភាពខាងរថយន្តធំបណ្តាលអោយខូចផ្នែកខាងមុខខាងឆ្វេងនៃរថយន្តស្តារិច រួចហើយបន្តទៅបុកពីក្រោយរថយន្តធុនធំមួយទៀតគាបជាប់តៃកុងរថយន្តដឹកសុីម៉ងត៍នឹងកាប៊ីនរងរបួសធ្ងន់។

  ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចនគរបាលចរាចរណ៍បានចុះទៅដល់សម្រួលចរាចរណ៍ននិងវាស់វែងអនុវត្តតាមនីតិវិធីនៃច្បាប់ចរាចរណ៍ដោយមិនបានយករថយន្តទៅរក្សាទុកនៅអធិការដ្ឋានទេ ដោយភាគីទាំងបីសម្របសម្រួលគ្នានៅនឹងកន្លែងកើតហេតុ៕

IMG_9955 IMG_9951

ដោយ ៖ វណ្ណា


ចែករំលែក៖