ខេត្តកំពង់ឆ្នាំង៖ បើយោងតាមសេចក្តីរាយកាណ៍បានឱ្យដឹងថា លោក ប៉ុល វុទ្ធី ស្នងការរងនគរបាលទទួលផែនព្រហ្មទណ្ឌខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបានបង្ហាញមុខជនល្មើសចំនួន៨នាក់ដែលបានប្រព្រឹត្តបទល្មើស៣ករណីផ្សេងគ្នា គឺឃាតកម្មកាប់សម្លាប់មនុស្ស២ករណី ឆក់កាបូបពេលយប់១ករណី រួចទើបបានបញ្ជូនទៅកាន់តុលាការដេីម្បីបន្តនីតិវិធីច្បាប់។
លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី បានថ្លែងបន្តថា ករណីទី១កើតឡើងនៅយប់ថ្ងៃទី១៩ ខែមីនា ដែលជនល្មើសមានគ្នាចំនួន១០នាក់បានប្រើប្រាស់កាំបិត៣ និងពូថៅ១ ស្ទាក់កាប់ជនរងគ្រោះ២នាក់ជិះម៉ូតូនៅលើកំណាត់ផ្លូវជាតិលេខ៥ មកពីមើលខនសឺត។ លុះជិះម៉ូតូមកដល់ចំណុចភូមិស្ពករាជ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ត្រូវក្រុមជនល្មើសស្ទាក់កាប់ប្រហារបណ្ដាលឱ្យជនរងគ្រោះឈ្មោះ ឡុង សុខេន អាយុ២៤ឆ្នាំស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។
ករណីនេះកើតឡើងនៅថ្ងៃទី២១-២២ ខែមីនា សមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនជនល្មើសបាន៦នាក់ក្នុងចំណោមបក្សពួក១០នាក់។ ពួកគេបានសារភាពថា ការកាប់ប្រហារខាងលើនេះពុំមានគំនុំអ្វីឡើយ គឺកាប់សម្លាប់ដើម្បីជាការកាត់សាញ។
ករណីទី២កើតនៅម៉ោង១២ៈ៣០នាទីយប់ថ្ងៃទី២០ ខែមីនា មានករណីឆក់កាបូបនារីឈ្មោះ ឃុន ស្រីខួច អាយុ២១ឆ្នាំ កំពុងជិះម៉ូតូនៅចំណុចមុខខ្លោងទ្វារសាលាហួរខៀវ លើផ្លូវជាតិលេខ៥ ក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង។ ករណីនេះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវភ្លាមៗ និងចាប់បានជនល្មើសម្នាក់ឈ្មោះ ធន ចាន់ឌឿន មានទីលំនៅភូមិត្រពាំងគរ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដោយបានដកហូតវត្ថុតាង ទូរស័ព្ទ១គ្រឿង និងលុយ១០ម៉ឺនរៀលហើយបានប្រគល់ជូននារីរងគ្រោះវិញផងដែរ។
ករណីទី៣គឺជាឃាតកម្មចាក់កាប់សម្លាប់ប្លន់យកម៉ូតូនិងទូរស័ព្ទ២គ្រឿង បានកើតហេតុនៅវេលាម៉ោង៨ៈ៤០នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្នុងភូមិតាំងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ បណ្ដាលឱ្យជនរងគ្រោះឈ្មោះ នុត សារឿន អាយុ៥២ឆ្នាំ ពិការជើងត្រូវជនល្មើសចាក់ និងកាប់ចំនួន១៥កាំបិតស្លាប់នៅលើផ្ទះ។
ករណីនេះនគរបាលខេត្ត សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ជនល្មើសឈ្មោះ វុន រិទ្ធ មានទីលំនៅភូមិខ្យាង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ នៅថ្ងៃទី២២ ខែមីនា នៅខេត្តកំពង់ស្ពឺ ដោយដកហូតបានម៉ូតូមួយគ្រឿង និងទូរស័ព្ទ២គ្រឿងរបស់ជនរងគ្រោះ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះដំបូងឡើយជនល្មើសត្រូវបានម្ដាយយកទៅផ្ញើឱ្យរៀនសូត្រជាមួយព្រះសង្ឃនៅភ្នំជំរាយ ខេត្តកំពង់ស្ពឺ។ តែក្រោយមកគេបានចាកចេញពីវត្តលោកមកសុំព្រះសង្ឃនៅវត្តមួយផ្សេង១ទៀតនៅក្នុងស្រុកសាមគ្គីមានជ័យ តែព្រះសង្ឃមិនស្គាល់ច្បាស់ លោកក៏មិនអនុញ្ញាតឱ្យស្នាក់នៅដែរ។ រូបគេក៏បានហៅម៉ូតូឌុប១គ្រឿងជិះទៅផ្ទះ តែដោយសារជនរងគ្រោះពីការជើងផង ហើយពេលយប់ទៀតជនរងគ្រោះក៏បានឃាត់ជនល្មើសឱ្យសម្រាកនៅនឹងផ្ទះខ្លួនមួយយប់ ដោយរង់ចាំព្រឹកឡើងរូបគាត់នឹងជូនជនល្មើសជិះម៉ូតូទៅផ្ទះ ពេលនោះជនរងគ្រោះក៏បានរៀបចំម្ហូបអាហារឱ្យជនល្មើសហូប និងបានស្នាក់នៅផ្ទះរបស់ខ្លួនផងដែរ។
បន្ទាប់ពីហូបបាយនិងស៊ីផឹកជាមួយគ្នាមានចំនួន៣នាក់រួចមក លុះយប់ឡើងជនល្មើសក៏ធ្វើសកម្មភាពយកកាំបិតត្នោតចាក់កាប់ទៅលើជនរងគ្រោះជាម្ចាស់ផ្ទះដែលកំពុងដេកលង់លក់លើផ្ទះចំនួន១៥កាំបិតបណ្ដាលឱ្យស្លាប់ រួចហើយជនល្មើសក៏ប្លន់យកម៉ូតូ១គ្រឿង និងទូរស័ព្ទ២គ្រឿង រត់គេចខ្លួនទាំងយប់តែម្តង។ ករណីនេះក្រោយពីឃាត់ខ្លួនបានត្រូវសមត្ថកិច្ចចោទពីបទឃាតកម្មសម្លាប់ប្លន់យកទ្រព្យសម្បត្តិ។
ជនល្មើសទាំង៨នាក់ដែលបានប្រព្រឹត្តបទល្មើស៣ករណីផ្សេងគ្នាខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការនៅព្រឹកថ្ងៃទី២៣ ខែមីនានេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
លោកស្នងការរងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់អំពីសន្តិសុខរបស់បងប្អូន ពិសេសត្រូវមានការប្រុងប្រយ័ត្នពេលធ្វើដំណើរនៅពេលយប់ បើមានករណីណាមួយកើតឡើងចំពោះបងប្អូន ត្រូវតែប្រញាប់ទំនាក់ទំនងនិងរាយការណ៍ទៅសមត្ថកិច្ចដែលនៅក្នុងមូលដ្ឋានរបស់បងប្អូនឱ្យបានទាន់ពេលវេលា៕
ដោយ៖ អរុណរះ