ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២២និង៤០នាទី ត្រង់ចំណុចក្រុមទី១ ភូមិដូនត្រិត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតផ្គាក់កាប់) កើតឡើង ១លើក ដែលបង្កឡើងដោយជនសង្ស័យចំនួន ៥នាក់។
សមត្ថកិច្ចនគរបាលស្រុកសំឡូត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសាញ បានចុះបង្ក្រាបជនសង្ស័យចំនួន ៥នាក់មាន ៖
ទី១.ឈ្មោះ លន់ ចំរ៉ុង ភេទប្រុស អាយុ ១៦ឆ្នាំ ។
ទី២.ឈ្មោះ ជួង មេសា ភេទប្រុស អាយុ ១៦ឆ្នាំ ។
ទី៣.ឈ្មោះ ភឿន ភក្តី ភេទប្រុស អាយុ ១៨ឆ្នាំ ។
ទី៤.ឈ្មោះ វ៉ន ឆវ័ន្ត ភេទប្រុស អាយុ ១៥ឆ្នាំ។
ទី៥.ឈ្មោះ គឹម សុភក្រ័ ភេទប្រុស អាយុ ១៥ឆ្នាំ បានប្រើប្រាស់កាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ វុធ មករា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង បណ្តាលឱ្យរបួសធ្ងង់ត្រង់គល់កខាងឆ្វេង និងថ្ពាល់ខាងឆ្វេង។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចនគរបាលស្រុកសំឡូត និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានដឹកនាំកម្លាំងផ្នែកជំនាញធ្វើការឃាត់ខ្លួនជនសង័្សយខាងលើ និងដកហូតបានកាំបិតផ្គាក់កាប់ចំនួន ១ជាវត្ថុតាង។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៥នាក់បានសារភាពថា មូលហេតុនៃអំពើហិង្សារហូតឈានដល់ការប្រើកាំបិតផ្គាក់ទៅលើជនរងគ្រោះនេះគឺបណ្តាលមកពីមានទំនាស់ពាក្យសម្ដីចំពោះគ្នាទៅវិញទៅមក។
ករណីនេះ ជនសង្ស័យទាំង៥នាក់ខាងលើត្រូវបាននគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់ ៕
ដោយ ៖ អរុណរះ